(ភ្នំពេញ)៖ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្ដូរទៅរកប្រព័ន្ធឌីជីថល» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអនុវត្តវិធានការគន្លឹះៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថលូបនីយកម្ម។
ក្នុងសារលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៥ ខែកញ្ញានេះ សម្ដេចបានឱ្យដឹងថា ក្នុងស្មារតីដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជាមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាចហៅបានថា «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត» រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តនូវវិធានការមួយចំនួន ដូចខាងក្រោម៖
១៖ ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ ឆ្នាំ២០៣០ រួមជាមួយបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នៃរដ្ឋសភាអាណត្តិទី៦ ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗ លើផ្នែកបច្ចេកវិទ្យាការអភិវឌ្ឍធនធានមនុស្ស ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឱ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យា និងផ្ដល់ឱ្យវិស័យទេសចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ ការជំរុញបរិយាប័ន្នភាពក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០។
២៖ រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់ជាគុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍ ឱ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម។
៣៖ លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងនូវសមត្ថភាពសហគ្រិនភាព ក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងបន្តថា កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ ក្នុងការចាប់យកនូវប្រយោជន៍ ដែលកើតចេញពីបដិវត្តឧស្សាហកម្មជំនាន់ទី៤ សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយហេតុថា៖
១. ភាគលាភប្រជាសាស្ត្រ ដោយសារការកើនឡើងនូវចំនួនយុវជនមានចំណេះដឹង និងនិន្នាការចាប់យកបច្ចេកវិទ្យាឌីជីថលលឿន។
២. ការកើនឡើងនឿននៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត និងទូស័ព្ទវៃឆ្លាតជាមួយអត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់។
៣. លំហូរនៃការវិនិយោគក្រៅប្រទេសដែលនាំមកនូវបច្ចេកវិទ្យា។
៤. ឌីជីថលូបនីយកម្ម បាននិងកំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ តួយ៉ាងដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ស្របពេលដែលភ្ញៀវទេសចរកំពុងសម្របខ្លួនជាបណ្ដើរៗ ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះ។
ចំណុចទាំងអស់នេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា លើគ្រប់ទិដ្ឋភាពរាប់ទាំងការគ្រប់គ្រង ការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាជាដើម៕