(ភ្នំពេញ)៖ ភាគីកម្ពុជា-ចិនបានសន្យាជាមួយគ្នាថា នឹងបន្តធ្វើលំហាត់នាគ នៅឆ្នាំ២០១៩ ឱ្យកាន់តែធំ និងកាន់តែទទួលបានជោគជ័យថែមទៀតក្នុងវិស័យយោធា ខណៈពេលវេលា និងទីកន្លែងជាក់លាក់ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ។ នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស SHENG YUNLAI នាយរងសេនាធិការក្រុមទី៧៤ នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងជំនួបនោះ លោកវរសេនីយ៍ឯកពិសេស SHENG YUNLAI បានអបអរសាទចំពោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលត្រូវបានដំឡើងតួនាទីថ្មី ជានាយសេនាធិការចម្រុះ បន្ថែមលើមុខងារបច្ចុប្បន្ន។
លោកវរសេនីយ៍ឯកពិសេស ក៏បានពាំនាំនូវការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំរបស់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមកភាគីទាំងពីរបានធ្វើសមយុទ្ធលំហាត់នាគមាស ឆ្នាំ២០១៦ និងឆ្នាំ២០១៨ ប្រកបដោយភាពជោគជ័យ។
ពិសេសជាងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងភាគីចិ ក៏បានសន្យាបន្តធ្វើលំហាត់នាគ ឆ្នាំ២០១៩ ឱ្យកាន់តែធំ និងកាន់តែទទួលបានជោគជ័យថែមទៀតក្នុងវិស័យយោធា។
បន្ទាប់មក ភាគីទាំងពីរបានលើកពីគោលបំណងនៃការធ្វើលំហាត់រួមគ្នា «នាគមាស ២០១៩» ដោយភាគីទាំងពីរបានសម្រេចបង្កើតក្រុមការងារ ដើម្បីជជែកពិភាក្សាកំណត់ប្រធានបទ ទីកន្លែង និងពេលវេលា នៃការធ្វើលំហាត់៕