(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជា ដែលយើងបានមើលឃើញ សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្រពីសំណាក់ប្រទេសចិននោះទេ។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យខួបលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ Great Duke ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃប្របណ្តាប្រទេសនានា ព្រមទាំងក្នុងជួររាជរដ្ឋាភិបាលកម្ពុជា យ៉ាងច្រើនកុះករផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រកម្ពុជា លើគ្រប់វិស័យព្រមទាំងវិស័យនយោបាយ។ ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាលើគ្រប់វិស័យ ដែលយើងឃើញសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនដែរ»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា រដ្ឋាភិបាលចិន ក៏បានផ្តល់អាហារូបករណ៍ ឱ្យនិស្សិតកម្ពុជាសរុប៣៣៨កន្លែង សម្រាប់ឆ្នាំ២០១៨។ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានសន្យាផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង បន្ថែមទៀតពីលើអាហារូបករណ៍ដែលមានស្រាប់ និងជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនកម្ពុជាចំនួន១០០នាក់ សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ វិនិយោគចិននៅកម្ពុជា មានចំនួន២.៨ប៊ីលានដុល្លារ។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មចិន-កម្ពុជា មាន៥,៨០០លានដុល្លារ ហើយនៅឆ្នាំ២០២០ នឹងកើនឡើងដល់ ៦ប៊ីលានដុល្លារ។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ប្រធានាធបិតីចិន ស៊ី ជីនពីង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មវិនិយោគទុន ការផ្លាស់ប្តូរប្រជាជន។ល៕