(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដើម្បីបូកសរុបការងារដែលបានអនុវត្តកម្មវិធីនៅជំហានទី១ បន្ទាប់ពីគម្រោងនេះបានអនុវត្ត២ឆ្នាំមកហើយ និងអនុម័តនូវផែនការសកម្មភាពជំហានទី២ សម្រាប់ឆ្នាំបន្តទៀត។
កិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣នេះ ធ្វើឡើងក្រោមវត្តមានលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របអង្គការសហប្រជាជាតិប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា សម្រាប់ជំហានទី២នេះ ផ្តោតលើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យទាន់សម័យកាលថ្មី និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ពង្រីកការបណ្ដុះបណ្ដាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាពក្រីក្រលំបាកជាដើម។
ម្យ៉ាងទៀត កម្មវិធីជំហានទី២នេះ ក៏ប្រមូលផ្តុំទៅរកការអភិវឌ្ឍ ការបណ្ដុះបណ្ដាល ការអប់រំនៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការកាត់បន្ថយអណក្ខរកម្ម ចំពោះកម្មករនិយោជិត និងបំណិនជីវិតតាមគ្រឹះស្ថានសិក្សាអបរ់រំ ក៏ដូចជានៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារផងដែរ។
លោកបានបន្តថា បានជាអង្គការសហប្រជាជាតិ ជួយកម្ពុជាសម្រាប់គម្រោងមួយនេះ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍសហវត្សរបស់អង្គការសហប្រជាជាតិ ក៏ស្របទៅនឹងគោលនយោបាយមួយចំនួនរបស់កម្ពុជា ក្នុងនោះមានគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម គោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ គោលនយោបាយជាតិស្ដីពី ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិស្ដីពី ការអប់រំ និងយុវជនជាដើម។
លើសពីនេះ អង្គការសហប្រជាជាតិ ក៏ចង់ជំរុញគោលនយោបាយរបស់ខ្លួនស្របនឹងគោលនយោបាយរបស់កម្ពុជា ដែលមានប្រយោជន៍ទៅលើការអភិវឌ្ឍការបណ្ដុះបណ្ដាលរបស់យុវជនកម្ពុជា ដើម្បីបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់យុវជន និងការកសាងសមត្ថភាពស្ថាប័នដែលអនុវត្តកិច្ចការទាំងអស់នេះ ឱ្យមានលទ្ធភាពចាត់ចែងបន្តនៅទូទាំងប្រទេស៕