(កណ្តាល)៖ ដោយមើលឃើញពីទុក្ខលំបាក ក្នុងពេលធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តកណ្តាល លោក តាក់ ជីឡៅ ក្រុមការងារគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអង្គស្នួល បានផ្តល់ផ្លូវមួយខ្សែក្រាលថ្មមិច ប្រវែងជាង៤គីឡូម៉ែត ដោយចំណាយថវិកាផ្ទាល់របស់លោកជាង១៤ម៉ឺនដុល្លារ ឲ្យទាន់ពេលនាឱកាសបុណ្យភ្ជុំបិណ្ឌ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកាន់តែមានភាពងាយស្រួលទៅកាន់ទីវត្តអារាម។
លោក តាក់ ជីឡៅ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ផ្លូវដែលកំពុងជួសជុលពេលនេះ មានប្រវែងទទឹង១៥ម៉ែត្រ ចំងាយ៤គីឡូម៉ែត្រ ដែលចាប់ពីភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល តភ្ជាប់រហូតមកទល់សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រើថវិកាផ្ទាល់ខ្លួនជាង១៤ម៉ឺនដុល្លារ ទុកជាចំណងដៃនាឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកបានបន្ថែមថា ដោយសារលោកបានធ្វើដំណើរនៅតាមបណ្តោយផ្លូវនេះ ហើយមើលឃើញផ្លូវមានស្ថានភាពខូចខាតស្ទើរទាំងស្រុង បែកភក់និងមានជង្ហុកធំៗ ភ្លៀងធ្លាក់បែកភក់រប៉េករប៉ាច់ និងបងប្អូនប្រជាពលរដ្ឋ និងចាស់ៗទៅវត្ត ពិបាកក្នុងការធ្វើដំណើរទៅមក ថែមទាំងប្រឡាក់ភក់ពេញខ្លួន និងថែមទាំងដួលធ្វើឲ្យបងប្អូនខ្វះមានគ្រោះថ្នាក់ទៀតផង។
លោកបន្តថា ម្យ៉ាងវិញទៀតនោះ ពេលនេះជារដូវបុណ្យភ្ជុំបិណ្ឌផងនោះ លោកក៏បានសម្រេចចិត្តយកថវិកាផ្ទាល់ខ្លួនជាង១៤ម៉ឺនដុល្លារ ស្ថាបនាជួសជុលផ្លូវក្រាលថ្មមិចជាង៤គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ឲ្យទាន់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទញាតិញោមពុទ្ធបរិស័ទ បានងាយស្រួលធ្វើដំណើរទៅកាន់វត្តវ៉ា ធ្វើបុណ្យដាក់ទានឲ្យទាន់នារដូវបុណ្យភ្ជុំបិណ្ឌផងដែរ៕