(គួយចូវ-ចិន)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចសិក្សាស្វែងយល់ និងពិភាក្សាការងារលើការអភិវឌ្ឍផលិតផលទេសចរណ៍បែបទំនើប នៅជ្រលងភ្នំស្រមើស្រមៃបែបវិទ្យាសាស្ត្រ (Oriental Scientific Valley) ដែលជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុនចិនខាងលើ។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណដល់លោក Song Yanjun ប្រធានក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd ដែលបានអញ្ជើញប្រតិភូកម្ពុជាមកទស្សនាដោយផ្ទាល់ និងកោតសរសើរចំពោះបច្ចេកទេស និងសមត្ថភាពរបស់ក្រុមហ៊ុន ដែលអាចសាងសង់មជ្ឈមណ្ឌលទេសចរណ៍បែបស្រមើស្រម៉ៃវិទ្យាសាស្ត្រនេះ នៅផ្ទៃដីទំហំ ១៣៥ហិកតា នៅតាមជ្រលងភ្នំតុងគ័ងហ្វ័រហ៊ង របស់ខេត្តគួយចូវ ក្នុងនោះរួមមានដូចជាសួនកម្សាន្តបែបវិទ្យាសាស្ត្រស្រមើស្រម៉ៃ យាន្តអវកាសក្រៅភព និងសំណង់ស្ថានអាវកាស បែបស្រមើស្រម៉ៃគ្រប់ប្រភេទ (UFOs and Spaceships) មនុស្សយន្តសប្បនិម្មិត្តដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិន ដែលមានកម្ពស់ ៥៥ម៉ែត្រ និងទម្ងន់ ១៣០តោន ទីលានលេងកីឡាទំនើបបែបស្រមើស្រម៉ៃ និងភោជនីយដ្ឋាន ហើយក្រុមហ៊ុននឹងមានគម្រោងសាងសង់សណ្ឋាគារផ្កាយលំដាប់៥ នាពេលអនាគត។
បន្ទាប់មក ប្រតិភូកម្ពុជាក៏បានបន្តទៅសិក្សាស្វែងយល់ពីការរៀបចំឧទ្យានកែច្នៃបែបធម្មជាតិគ័ងហ៊រ (Quanhu Park) ដែលស្ថិតនៅកណ្តាលភាគខាងត្បូងរបស់ស្រុកបេយន់ ទីក្រុងគួយយ៉ាង ដែលមានទំហំផ្ទៃដី ៩០ហិកតា ដោយរៀបចំសួនច្បារច្នៃប្រឌិតដ៏ស្រស់ស្អាតនៅជុំវិញបឹង និងភ្នំ ដែលតំបន់នេះពីមុនមកគឺជាទីលានចាក់សំរាម។
លោករដ្ឋមន្ត្រីបានគាំទ្រចំពោះផែនការគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងរងចាំជួយសម្របសម្រួលបង្កលក្ខណៈ ឱ្យក្រុមហ៊ុនធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនៅកម្ពុជា ដើម្បីឈានទៅធ្វើគម្រោងនិយោគបែបនេះ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត នៅតំបន់ទេសចរណ៍ណាមួយនៅកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិ និងសម្រាប់យុវជនជំនាន់ក្រោយ៕