(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាលនៅតាមកន្លែងផ្ដល់សេវាសុខាភិបាល មានចំនួន៣,២៣១នាក់។ នេះបើតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
របាយការណ៍បញ្ជាក់ថា ក្នុងចំនួនមនុស្សទាំង៣,២៣១នាក់ មានប្រុស៣,០១៩នាក់ និងស្រី២១២នាក់។ ក្នុងនោះ អ្នកញៀនប្រភេទអំហ្វេតាមីន ចំនួន៣,១០៨នាក់ ប្រមាណ៩៦ភាគរយ និងអ្នកញៀនប្រភេទហេរ៉ូអ៊ីន ចំនួន១២៣នាក់ ប្រមាណ៤ភាគរយ។
ក្រសួងសុខាភិបាល ក៏បានបន្ថែមថា បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាល នៅតាមសេវាសុខាភិបាល មានកំណើនប្រមាណ១០២ភាគរយ ដែលក្នុងឆមាសទី១ ឆ្នាំ២០១៧ មានត្រឹមតែ១,៥៩៦នាក់ប៉ុណ្ណោះ៕