(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៦៤១គ្រឿង រកឃើញល្មើសច្បាប់១,៣១៧គ្រឿង (ម៉ូតូ៧០%) អប់រំ២៣២គ្រឿង និងផាកពិន័យ១,០៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៣២៦គ្រឿង, អប់រំ៧៨គ្រឿង និងផាកពិន័យ១,០៨៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៥ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៤,៥៩៧គ្រឿង រកឃើញយានយន្តល្មើស១៥,៧៥២(ម៉ូតូ៧៣%) ក្នុងនោះអប់រំ៥,៦៦៦ និងផាកពិន័យ១០,០៦៨គ្រឿង៕