(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការបរិភោគចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលអង្គភាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់វិធានការបង្ការ៩ចំណុច ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់៖
១៖ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
២៖ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោបង់
៣៖លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤៖សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥៖ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦៖ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៧៖កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី ២ម៉ោង
៨៖មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ
៩៖កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។
ចំពោះការពុលស្រា ក្រសួងសុខាភិបាល សូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមពិសាគ្រឿងស្រវឹងក្នុង កំរិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រាដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនង៖
ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ ០១២ ៨២៥ ៤២៤ ៕