(ភ្នំពេញ)៖ ក្នុងនាមជាមេដឹកនាំនៃប្រទេសជិតខាងគ្នា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ឥស្សរៈជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ​លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

ការគោរពវិញ្ញាណក្ខន្ធទៅវិញទៅមករបស់មេដឹកនាំនេះ គឺជាវប្បធម៌គោរពគ្នាទៅវិញទៅមក ដែលប្រទេសនៅជិតខាងគ្នាតែងបានធ្វើឡើងជាបន្តបន្ទាប់ ពុំមិនមែនជារឿងថ្មីទេ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូ ទៅ​គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ​ថៃ ភូមិ​ពល អាឌុលយ៉ាដេត (Bhumibol Adulyadej) នៅទីក្រុងបាងកក ហើយនាយក​​រដ្ឋមន្ត្រី​វៀតណាម ​នាយករដ្ឋ​មន្ត្រី​​ឡាវ ​និង​​នាយក​រដ្ឋមន្ត្រី​​ថៃ ​ក៏ធ្លាប់បាន​​ចូល​រួម​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​ ​​ព្រះមហាវីរក្សត្រ ​ព្រះករុណា ព្រះបាទ សម្តេចព្រះ ​នរោត្តម ​សីហនុ​ ផងដែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖