(ភ្នំពេញ)៖ ក្រុមអាជីវករ និស្សិត និងកម្មកររស់នៅទីក្រុងPensilvinia នៃរដ្ឋ Philadelphia បានអះអាងដូចៗគ្នា ពួកគាត់នឹងទៅទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នាចុងខែកញ្ញាខាងមុខនេះ។
ក្រុមអាជីវករដដែលបានបញ្ជាក់ថា ក្រុមបក្សប្រឆាំងតែងតែអុចអាល បំបែកឆ្នាំងបាយអាជីវករ ឬអ្នកមានមុខរបរណាដែលគាំទ្ររាជរដ្ឋាភិបាល ឬគាំទ្រសម្តេចតេជោ ហ៊ុន សែន តាមរយៈញុះញង់ប្រជាពលរដ្ឋ គំរាមកំហែង ដល់អតិថិជនមិនឲ្យបន្តចូលទិញទំនិញនៅហាងនោះ រហូតទាល់តែអស់អតិថិជនគាំទ្រក៏មាន។
បន្ថែមពីនេះ និស្សិតខ្មែរដែលកំពុងតែក្រែមយកចំណេះដឹងនៅទីនោះ បានឲ្យដឹងដែរថា ពួកគាត់ចង់ទៅជួបសម្តេចតេជោ ហ៊ុន សែន ព្រោះចង់ជម្រាបសម្តេចថានៅពេលរៀនចប់ នឹងយកបទពិសោធន៍ទៅបំពេញការងារនៅប្រទេសកម្ពុជាវិញ ដើម្បីជួយកសាងជាតិ និងមាតុភូមិឲ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។
យ៉ាងណាមិញ ក្រុមអាជីវករទាំងនោះ បានអះអាងថា ការញុះញង់ពីសំណាក់ក្រុមបក្សប្រឆាំង គឺជាការបំបែកបំបាក់ខ្មែរខ្លួនឯង មិនស្រឡាញ់ខ្មែរខ្លួនឯង គុំគួនដោយសារតែរឿននិន្នាការនយោបាយ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំ អង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕
ខាងក្រោមនេះ ជាវីដេអូរបស់ប្រជាពលរដ្ឋ សម្តែងអារម្មណ៍រីករាយ ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖