(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក លោកស្រី ជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការជុំវិញខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី១ នៅវត្តរាជបូព៌ និងវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាប។
បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក និងលោកអភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនញាតិមិត្តពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃស្មារតីជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។
ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។
ថ្លែងសំណេះសំណាលជាមួយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនាឱកាសនោះ លោកបណ្ឌិត ឃឹម ប៊ុន សុង ក៏បានធ្វើការថ្លែងនូវអំណរគុណ អរព្រះគុណ ចំពោះព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនៅខេត្តសៀមរាប ដែលបានទៅបំពេញកាតព្វកិច្ចជាពលរដ្ឋ នាំគ្នាទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានបង្ហាញដល់អន្តរជាតិឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្តការដឹកនាំកិច្ចអភិវឌ្ឍន៍ប្រទេសបន្ត ក្រោមម្លប់សន្តិភាពតែមួយ។
លោក ឃឹម ប៊ុនសុង និងលោកស្រី បានធ្វើការវេប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគចំនួន១០មុខ និងបច្ច័យ២លានរៀល ប្រគេនព្រះសង្ឃក្នុងមួយវត្ត ដើមី្បសម្រាប់ប្រើប្រាស់ក្នុងឱកាសកាន់ព្រះវស្សា ព្រមទាំងសីលវ័ន្តសីលវន្តីចំនួន១៥០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀលផងដែរ៕