(សៀមរាប)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដែលដឹកនាំដោយ លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ និងអាជ្ញាធរ/សមត្ថកិច្ចមូលដ្ឋាន នៅខេត្តសៀមរាប ប្រមាណជាង៥០០រូប។
ពិធីដែលបានធ្វើនៅសាលសន្និសីទ នៃសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដើម្បីពង្រីកនិងពង្រឹងនូវការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់នេះ ក៏មានការចូលរួមពី លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ព្រមទាំងអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាល សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរ/សមត្ថកិច្ចមូលដ្ឋានផងដែរ។
គោលបំណង នៃអង្គពិធីនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព និងពង្រឹងការអនុវត្តតួនាទី ភារកិច្ច ដែលជាមួយគ្នានេះ អង្គពិធីបានស្តាប់នូវបទបង្ហាញ ការពិភាក្សា និងអនុសាសន៍ដូចខាងក្រោម៖
ទី១៖ បទបង្ហាញស្តីពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ទី២៖ ការងារអត្រានុកូលដ្ឋាន, ទី៣៖ ការកែតម្រូវអក្ខរាវិរទ្ធក្នុងអត្រានុកូលដ្ឋាន, ទី៤៖ ការផ្តល់សេវារដ្ឋបាល, ទី៥៖ មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់, ទី៦៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានេះ អង្គពិធី បានស្តាប់នូវអនុសាសន៍ចម្បងជាច្រើន ក្នុងការជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធិភាព និងតម្លាភាព ជាមួយនិងការទទួលខុសត្រូវខ្ពស់ផងដែរ៕