(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ឯក ស ថេត ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុណ្ណ ដែលត្រូវទៅទទួលភារកិច្ចថ្មី និងជួបសំណេះសំណាល និងផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គម ជូនដល់សមាជិកអតីតយុទ្ធជនរាជធានីភ្នំពញ ចំនួន៦,២៨៨នាក់។
បន្ទាប់ពីរបាយកាណ៍របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមក ទេសរដ្ឋមន្រ្តី គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមជូនដល់សមាជិកទាំងអស់ ព្រមទាំងបានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការអនុវត្តនូវ គោលនយោបាយគាំពារសង្គម ដែលសម្តេចបានប្រកាលនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកន្លងមក ទើបថ្ងៃនេះសមាជិកទទួលបានប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ការព្យាបាលជំងឺដោយមិនអស់លុយនៅតាមមន្ទីរពេទ្យ។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងកោតសសើរ និងអរគុណចំពោះសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជន រហូតទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងស្រុង ដើម្បីបន្ដដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៦នេះ។
បើតាមលោកទេសរដ្ឋមន្ដ្រី កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្នុងនាមសម្តេចប្រធាន បានសម្រេចផ្តល់ផ្ទះ២០០ខ្នង ជូនដល់សមាជិកអតីតយុទ្ធជនដែលខ្វះខាត ឥឡូវទើបតែសាងសង់បានជាង១០ខ្នងប៉ុណ្ណោះ ហេតុនេះសូមឲ្យលោកអធិការគ្រប់ខណ្ឌ ដែលជាប្រធានសមាគមថ្នាក់ខណ្ឌ ត្រូវចុះពិនិត្យ និងលើកសំណើមកដើម្បីដោះស្រាយសាងសង់ជូនបានទាន់ពេលវេលា។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានផ្តាំផ្ញើឲ្យប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញថ្មី ត្រូវជំរុញឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវគិតគូរពីសុខទុក្ខ និងជីវភាពសមាជិកឲ្យបានល្អ៕