(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោត វីនហ្គោ អ៊ិនវេសម៉ិន (Wingo Investment) បានបើកសម្ពោធក្រុមហ៊ុន របស់ខ្លួនជាផ្លូវការនៅកម្ពុជា។

ការបើកសម្ពោធនេះធ្វើឡើងក្រោម ការចូលរួមពីលោក ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន, លោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការងារបរទេស ឋានៈស្មើអនុរដ្ឋលេខាធិការ និងជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន វីនហ្គោ ព្រមទាំងភ្ញៀវកិត្តិយស មកពីបណ្តាលប្រទេសជាច្រើនរួមមាន៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្សេងៗ និងភ្នាក់ងារឆ្នោតរបស់ក្រុមហ៊ុនច្រើនរូបផងដែរ។

ក្រុមហ៊ុន Wingo មានបទពិសោធន៍លើការធ្វើអាជីវកម្មឆ្នោត ជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ននេះក្រុមហ៊ុន Wingo បាននាំមកនូវបទពិសោធន៍ថ្មីៗ និងនាំសំណាងដល់ប្រជាជនកម្ពុជា ដែលនិយមលេងឆ្នោតផ្សងសំណាងព្រមទាំង ជួយបង្កើតលក្ខណៈអភិវឌ្ឍផ្សេងៗទៀត សម្រាប់ល្បែងឆ្នោតផ្សងសំណាងនេះ។

លោក ស៊ាង ប៊ុនលាង បានថ្លែងឲ្យដឹងថា ក្រៅពីដំណើរការជាផ្លូវការ ក្រុមហ៊ុននៅកម្ពុជាក្រុមហ៊ុនឆ្នោត Wingo នឹងបង្កើតភ្នាក់ងារលក់ឆ្នោត តាមបណ្ដាខេត្តផ្សេងៗនៅកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញឆ្នោត និងអាចបើករង្វាន់ឆ្នោតនៅតាមភ្នាក់ងារលក់ឆ្នោត ដែលជិតបំផុត។

លោកបន្ដទៀតថា ក្រៅពីការដំណើរការអាជីវកម្មឆ្នោត ក្រុមហ៊ុន Wingo នឹងចែករំលែកប្រាក់ចំណេញមួយចំនួនជាមូលនិធិមនុស្សធម៌ និងសប្បុរសធម៌សម្រាប់ជួយឧបត្ថម្ភដល់ជនក្រីក្រ ជនជួបការលំបាក ជនគ្មានទីពឹងគ្រប់ទីកន្លែងដោយគ្មានរើសអើង។ លោកថា កត្តាដែលក្រុមហ៊ុនផ្សេងៗមកពីបណ្ដាប្រទេស មកវិនិយោគនៅកម្ពុជា ព្រោះប្រទេសកម្ពុជាជាប្រទេសអំណោយផល និងការអភិវឌ្ឍន៍ឥតឈប់ឈរ។

លោក Yu Chuan Feng អគ្គនាយកក្រុមហ៊ុនឆ្នោត Wingo បានឲ្យដឹងថា ខ្លួននឹងរៀបចំផែនការអាជីវកម្មឲ្យកាន់តែធំ នាអនាគតដោយគ្រោងបង្កើត និងពង្រីកភ្នាក់ងារឆ្នោតគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការទិញផ្ទៀងផ្ទាត់ប្តូររង្វាន់ និងបើករង្វាន់ នៅតាមគ្រប់ភ្នាក់ងារ Wingo ទាំងអស់ដោយពុំបាច់មកដល់ទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនឡើយ។

លោកបានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងផ្តល់នូវទំនុកចិត្ត ព្រមទាំងទទួលបាននូវការគាំទ្រច្រើន ពីអតិថិជនកម្ពុជាគ្រប់រូប។ ក្រុមហ៊ុនឆ្នោត Wingo មានគោលដៅខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកែប្រែជីវភាពរស់នៅរបស់អតិថិជនឲ្យកាន់តែ ល្អប្រសើរជាងមុន»

លោកបានបន្ដទៀតថា ក្រុមហ៊ុនមានគោលការណ៍អាជីវកម្មធំៗ៤យ៉ាងរួមមាន៖ បង្កើតឱកាស, ភាពទៀងត្រង់, យុត្តិធម៌ និងចែករំលែកក្តីស្រលាញ់ ដែលជាទស្សនៈសំខាន់ក្នុងការបង្កើតក្រុមហ៊ុន Wingo Lotto នេះឡើង។

ក្រុមហ៊ុនឆ្នោត Wingo នឹងធ្វើការផ្សាយផ្ទាល់លទ្ធផលឆ្នោតឡូតូ 5/35 និងឡូតូ 6/37 ចាប់ពីថ្ងៃច័ន្ទ-សៅរ៍ វេលាម៉ោង៦៖៥០នាទី ដល់ម៉ោង៧៖០០នាទីយប់ លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ជាន់ទី២។

សូមបញ្ជាក់ថា ក្រុមហ៊ុន Wingo បានបង្កើតភ្នាក់ងារមួយចំនួនរួចរាល់ហើយ នៅក្នុងរាជធានីភ្នំពេញដើម្បីផ្តល់ជូនភាពងាយស្រួល ដល់អតិថិជនអាចទិញសន្លឹកឆ្នោត និងប្តូររង្វាន់បានគ្រប់ទីកន្លែង. ម៉្យាងទៀតក្រុមហ៊ុនក៏បានបង្កើត នូវឆ្នោតកោស៤ប្រភេទ ដែលមានរង្វាន់ធំ ជាទឹកប្រាក់រហូតដល់១ម៉ឺនដុល្លារ ដើម្បីបំពេញតម្រូវការដល់អតិថិជន៕