(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទជាច្រើនរូប និងប្រជាពលរដ្ឋចំណុះជើងវត្ត ចូលរួមកម្មវិធីកាន់បិណ្ឌវេន១ នៅវត្តពោធិវន្តថ្មសិន ក្នុងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
នៅក្នុងឱកាសនោះលោក សាន ស៊ានហូ បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធី ដោយពាំនាំនូវការនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ និងជូនពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានប្រកបតែសេចក្តីសុខ សេចក្តីចំរើន និងទទួលបាននូវសុភមង្គលគ្រប់ក្រុមគ្រួសារ។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាពិតជាមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលរហូតមកដល់ពេលនេះ មានវត្តអារាមជាច្រើន និងព្រះសង្ឃរាប់ម៉ឺនអង្គ ហើយហេដ្ឋារចនាសម្ព័នជាតិជាច្រើន ត្រូវបានកសាងឡើងគ្រប់ទីកន្លែងដូចជា ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន ប្រឡាយទឹកខ្វាត់ខ្វែង។
ប្រទេសជាតិមានសុខសន្ដិភាព ស្ថេរភាពនយោបាយ សេ្ថរភាពសេដ្ឋកិច្ច និងឯកភាពជាតិពេញផ្ទៃប្រទេស ហើយប្រជាជនគ្រប់រូបបាន និងកំពុងទទួលនូវផ្លែផ្កាដ៏ត្រចះត្រចង់នៃសន្ដិភាពដ៏ពេញបរិបូរណ៍នេះ។
សូមបញ្ជាក់ថា លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ បានប្រគល់បច្ច័យប្រគេនព្រះសង្ឃសរុបចំនួន ៤លានរៀល គ្រឿងឧបរិភោគ ស្បែកជើង ក្រណាត់សជូនតាជី យាយជី រួមទាំងផ្តល់សមិទ្ធផលថ្មីមួយទៀត គឺផ្លូវក្រាលគ្រួសម៉ិច ចំនួន២ខ្សែរ ប្រវែង៦គីឡូម៉ែត្រ និងថ្មគ្រួស ខ្សាច់សំរាប់ស្ថាបនាសាងសង់សាលាឆាន់ក្នុងវត្តទាំងស្រុងផងដែរ៕