(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាខួបទី៤៩ឆ្នាំ នៃចូលទិវង្គតរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នាដៃនិពន្ធជាច្រើនរបស់ព្រះអង្គ បានបន្សល់ទុកឲ្យកូនចៅខ្មែរប្រើប្រាស់ រហូតមកដល់សព្វថ្ងៃនេះ ដោយមានទាំងវចនានុក្រមជាដើម។
សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គត កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្មាយុ៨៦ព្រះវស្សា នៅព្រះដំណាក់ព្រះអង្គ នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
សូមជម្រាបថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានប្រសូតនៅថ្ងៃអង្គារ៍១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស ១៨៨៣។ នេះបើតាមឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ស្រុកកំណើតរបស់ព្រះអង្គនៅភូមិកំរៀង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានមាតាឈ្មោះ យក់ បិតាឈ្មោះ ព្រហ្ម ជួន ជាកសិករ។ ព្រះអង្គមានបងប្អូនបង្កើតចំនួនពីរនាក់ គឺរូបព្រះអង្គ និងប្អូនប្រុស គឺលោកឧកញ៉ាមន្ត្រី ជួន នុត។
សម្ដេចព្រះសង្ឃរាជកាលក្នុងវ័យកុមារ ព្រះអង្គបានសិក្សាផ្នែកអក្សរសាស្ត្រជាតិរហូតដល់ជន្មាយុ១៨ឆ្នាំ ព្រះអង្គបានបួសជាសាមណេរ ក្នុងពុទ្ធសករាជ២៤៤១ ត្រូវនឹងគ.ស១៨៩៧។ ព្រះអង្គបួសនៅទីនោះ អស់រយៈពេល២ឆ្នាំ ទើបទៅរៀនសូត្រ បរិយត្តិធម៌នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ក្នុងព្រះជន្មាយុ២១វស្សា ព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុ និងគង់នៅក្នុងវត្តពោធិព្រឹក្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅក្នុងព.ស ២៤៤៨ ត្រូវនឹងគ.ស១៩០៤។ នៅពេលនោះព្រះអង្គបានទទួលព្រះនាមបញ្ញត្តិ ជោតញ្ញាណោ។
ទាក់ទងនឹងវិស័យសិក្សា គឺព្រះអង្គបានចាប់ផ្ដើមរៀនសូត្រជាដំបូង គឺមេសូត្រ និងប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទ ពីព្រះពុទ្ធឃោសាចារ្យ ព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈា។ សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានរៀនចេះ ក្រៅពីភាសាជាតិ ព្រះអង្គក៏បានចេះដឹងនូវវេយ្យាករណ៍ភាសាបាលី សំស្ក្រឹត ដែលកាលនោះក្នុងរវាងគ.ស១៩១០ ក្នុងចំណោមអ្នកសិក្សាភាសាបាលី ព្រះអង្គមានព្រះកិត្តិសព្ទល្បីថាជា ព្រះថេរៈមួយអង្គ មានភាពស្ទាត់ជំនាញ និងពូកែខាងភាសាបាលី។
ម្យ៉ាងទៀត ព្រះអង្គបានរៀនចេះភាសាផ្សេងៗ ទៀតជាច្រើន ដែលរួមមាន៖ ភាសាថៃ ភាសាឡាវ ភាសាបារាំង អង់គ្លេស និងវៀតណាម។ នៅពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ.ស ១៩១៣ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលប្រឡងដេញប្រយោគនៅក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកតបាន ៤ ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
នៅឆ្នាំ១៩១៥ ព្រះអង្គបានប្រឡងជាប់លេខ២ និងទទួលបានការតែងតាំងជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃនេះហៅថា ពុទ្ធិកវិទ្យាល័យ សុរាម្រឹត។ លុះមកដល់ព.ស ២៤៦៣ ដែលកាលនោះព្រះអង្គជាព្រះគ្រូសង្ឃសត្ថា បានធ្វើជាសាមណសិស្សនិមន្តទៅបំពេញវិជ្ជាភាសាសំស្ក្រឹត និងអក្សរសិលាចារឹក នៅសាលាបារាំងសែសចុងបូព៌ាប្រទេសនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានលោក ល្វី ហ្វីណូត៍(l Finot) ជនជាតិបារាំងជាចាងហ្វាងសាលានោះ។
ឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ទៀតថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបំពេញការងារជាច្រើនទៀត ដោយធ្វើជាសមាជិកនៃក្រុមជំនុំវចនានុក្រមខ្មែរ ជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធក្នុងសៀវភៅផ្សេងៗ ដែលសាលាបាលីជាន់ខ្ពស់បានបោះពុម្ពផ្សាយ។
ក្រៅពីនេះទៀត ព្រះអង្គបានធ្វើជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់បារាំងខ្មែរ នៅរាជធានីភ្នំពេញ។
នៅក្នុង ព.ស ២៤៧១ ត្រូវនឹងគ.ស១៩២៧ ព្រះអង្គបានទទួលការតែងតាំងជាសមាជិកជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ក្រៅពីនេះទៀត ព្រះអង្គជាចាងហ្វាងរងសាលាបាលីជាន់ខ្ពស់ និងជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដក។
ម្យ៉ាងទៀតសម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ធ្លាប់ជាសមាជិក នៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ ក្នុងផ្ទៃរឿងរបស់កវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ជូនពាក្យទាំងនោះទៅក្នុងវចនានុក្រមខ្មែរ និងជាសមាជិកក្រុមជំនុំពិនិត្យសៀវភៅរបស់ក្រសួងសិក្សាធិការជាតិ។
ក្នុងឯកសារដដែលបានបញ្ជាក់ថា នៅក្នុងព.ស២៤៧៨ គ.ស១៩៣៥ ព្រះអង្គធ្វើជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងឡាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ សម្ដេចព្រះសង្ឃរាជទ្រង់បានទទួលតំណែងជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ។ ម្យ៉ាងទៀតព្រះអង្គបានទទួលតួនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ «ក» នៃគណៈកម្មការជាតិខាងការសិក្សា។
នៅក្នុងឆ្នាំ១៩៦១ ទ្រង់បានធ្វើជាប្រធាន នៃការសម្ភាសន៍អក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិនៅរៀងរាល់ថ្ងៃសុក្រ។ ព្រះអង្គក៏ជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយផ្នែកប្រវត្តិសាស្ត្រខ្មែរ និងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ទាក់ទងនឹងការបំពេញការងារនៅក្រៅប្រទេស សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ដឹកនាំគណៈប្រតិភូទៅទស្សនានៅវត្តខ្មែរកម្ពុជាក្រោម និងទៅកាន់ប្រទេស ឡាវ ដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិត្យនៅទីនោះ។
នៅឆ្នាំ១៩៤៣ ព្រះអង្គបានទទួលតួនាទីជាសមាជិកឆ្លើយឆ្លងសាលាបារាំង នៅចុងបូព៌ាប្រទេស។ សម្ដេច ក៏បានដឹកនាំប្រតិភូទៅកាន់ប្រទេសស្រីលង្កា ភូមា ដើម្បីធ្វើឆដ្ឋសង្គាយនានៅទីនោះ។ នៅមានបេសកកម្មក្រៅប្រទេសជាច្រើនទៀត ដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបំពេញការងារ។
លុះមកដល់ព.ស២៥០៧ គ.ស១៩៦៣ ព្រះអង្គបានទទួលព្រះឋានៈជា សម្ដេចព្រះសង្ឃរាជ ថ្នាក់ទី១ ពីសម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ បន្ទាប់មកនៅឆ្នាំ១៩៦៧ ព្រះអង្គបានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈ ពីសម្ដេចព្រះប្រមុខរដ្ឋ ក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានកសាងគម្ពីរដីកាជាច្រើនទាំងគម្ពីរស្លឹករឹត និងគម្ពីរជាសៀវភៅ ជាពិសេស គឺសៀវភៅប្រែពីភាសាបាលីមកជាភាសាខ្មែរ ដើម្បីសម្រាប់ឲ្យពុទ្ធបរិស័ទបានសិក្សារៀនសូត្រ។
សៀវភៅទាំងនោះរួមមាន៖ វចនានុក្រមខ្មែរ មានពីរភាគ ហើយត្រូវបានគេបោះពុម្ពផ្សាយជាច្រើនលើករួចមកហើយរហូតមកដល់សព្វថ្ងៃ។ សៀវភៅកច្ចាយនូបត្ថម្ភកៈ ឬវេយ្យាករណ៍បាលីមានចំនួនពីរភាគ។ សៀវភៅ គិហិបដិបត្តិ សៀវភៅសាមណេរវិន័យ បាតិមោក្ខសំវារៈសង្ខេប កាព្យលោកធម៌។ល។
ក្រៅពីនេះទៀត ព្រះអង្គក៏បានតែងជាសុភមង្គលភាសាបាលីបឋ្យាវគ្គ ៧ គាថា ព្រមទាំងប្រែជាសម្រាយសម្រាប់សូត្រថ្វាយសុភមង្គលព្រះមហាក្សត្រ។
ព្រះអង្គក៏បានតែងអត្ថបទផ្សេងៗ ជាច្រើនទៀត នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ ១៩២៦ ហើយនៅមានអត្ថបទធម៌ផ្សេងៗ ដែលចុះនៅក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
ប្រការសំខាន់មួយទៀត ដែលគួរឱ្យកត់សម្គាល់នោះ សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបាននិពន្ធ គឺនិពន្ធនូវទំនុកច្រៀង បទ នគរាជ សម្រាប់ភ្លេងជាតិខ្មែរ ឬបទគោរពទង់ជាតិ ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គក៏បានតែងនិពន្ធនូវទំនុកបទសរភញ្ញ ឬធម៌សូត្រជាបទ ជាដើម។
នូវរាល់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ទាំងផ្នែកអក្សរសាស្ត្រជាតិ និងទាំងផ្នែកធម៌ក្ដី ដូចបានបញ្ជាក់មកនេះ រហូតមកដល់បច្ចុប្បន្ន ស្នាព្រះហស្តទាំងនោះនៅតែបានដក់ជាប់ព្រមទាំងមានការកោតសរសើរយ៉ាងក្រៃលែង ពីសំណាក់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋកូនចៅខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់។ ដោយហេតុ គេឃើញថាស្នាព្រះហស្តអស់ទាំងនោះ គឺមានសារសំខាន់ និងមានប្រយោជន៍ក្នុងការជួយដល់ការសិក្សារបស់គេទាំងផ្លូវលោក និងផ្លូវធម៌៕