(ភ្នំពេញ)៖ ឱកាសការងារ ចំនួន១,៣៨៧កន្លែង ពីក្រុមហ៊ុនដ៏ល្បីចំនួន១១ នៅថ្ងៃទី២៧ ខែកញ្ញានេះ ក្នុងនោះ មានដូចជាក្រុមហ៊ុន Online, ក្រុមហ៊ុន ផាកកាហ្វេ, ធនាគារ FTB, ក្រុមហ៊ុន Kong Nuon Group, ក្រុមហ៊ុន Yinkok Food Corp, ក្រុមហ៊ុន Nagaworld, ក្រុមហ៊ុន Smart,ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប,ក្រុមហ៊ុន Markro ,ក្រុមហ៊ុន GFG Investment និងក្រុមហ៊ុន Prince Real Estate នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាលក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាចនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់យុវជនអ្នកស្វែងរកការងារក្នុងការដាក់ពាក្យស្វែងរកការងារក្នុងប្រទេស ក៏ដូចជានិយោជក ដែលត្រូវការជ្រើសរើសបុគ្គលិក ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងតែរៀបចំកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសការងារ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំនូវវេទិកាការងារទាំងនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បីនាំយកនូវឱកាសការងារ ដែលកំពុងមានយ៉ាងច្រើននៅកម្ពុជា ឲ្យកាន់តែខិតជិតទៅដល់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ។ ហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទទួលបានសេវា ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ ។
សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕