(ភ្នំពេញ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព ដែលជាកង្វល់រួមរបស់អ្នកប្រើប្រាស់នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ បានបន្តចុះមកពិនិត្យគុណភាពទំនិញ ជាម្ហូបអាហារនៅផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ក្នុងពេលត្រួតពិនិត្យនោះទំនិញ ជាម្ហូបអាហារចំនួន១៧គំរូ រួមមាន៖ ម៊ឹកក្លាសេ បង្គាក្លាសេ ត្រីប្រាហើម ត្រីងៀត ប្រហិតសាច់ គោ ប្រហិតសាច់ត្រី ឈាមជ្រូក សរសៃគុយទាវ បង្អែមលតខៀវ បង្អែមបាញ់ឌុក សណ្តែក បណ្តុះ ខ្ញីហាន់រួច ទំពាំងជូរ ស្ពៃជ្រក់ ។ល។ ត្រូវបានសាខាជ្រើសយកមក ធ្វើវិភាគបឋម នៅនឹងកន្លែងដោយប្រើ Test kit។
ជាលទ្ធផលវិភាគ ទំនិញជាម្ហូបអាហារចំនួន១៦គំរូ មានអនុលោមភាពសុវត្ថិភាព។
ដោយឡែក ចំពោះទំនិញជាម្ហូបអាហារចំនួន១គំរូ ស្មើនឹង១មុខគឺ បង្អែមលតខៀវពុំមានអនុលោមភាពសុវត្ថិភាពឡើយ ដោយបង្អែមលតខៀវនេះមានផ្ទុកនូវសារធាតុគីមី ហាមឃាត់ Borax ហើយត្រូវបានសាខា ធ្វើកំណត់ហេតុដកហូតបាន២គ.ក្រ យកទៅកម្ទេចចោល។
ចំពោះអ្នកលក់ ហើយក៏ជាអ្នកផលិតផង (ផលិតមានលក្ខណៈតិចតួច) បានសារភាពថា ពិតជាបានដាក់បន្ថែមសារធាតុគីមី ហាមឃាត់នោះ ត្រូវបានសាខាណែនាំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ នូវការផលិតដោយដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់នេះបន្តទៀត ករណីមិនរាងចាលនឹងចាត់វិធានការផ្លូវច្បាប់។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់កុំឲ្យយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ចំពោះអ្នកទិញមន្រ្តីកាំកុងត្រូល ក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផល មានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណា មុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង។ល។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បាន ឃ្លាំពិនិត្យមើល ថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៏ ប្រេងឥន្ធនៈនានា ក្នុងភូមិសាស្រ្ត ខណ្ឌសែនសុខវិញ គឺមានតម្លៃសមស្របទៅនឹង សេចក្តីជូន ដំណឹង របស់ក្រសួង ពាណិជ្ជកម្មលេខ ៣៣៥៥ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយសាំង ធម្មតាមានតម្លៃ មិនលើសពី ៤,១៥០៛ ក្នុង១លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃមិនលើសពី ៤,០០០៛ ក្នុង១លីត្រឡើយ៕