(ពោធិ៍សាត់)៖ បុរសម្នាក់បានភ្ញាក់ផ្អើល និងភ័យរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាលជាប់មងរបស់គាត់ ដែលបានដាក់យកត្រីក្នុងស្ទឹងមេទឹក ទាំងព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងស្ទឹងមេទឹក ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋដែលបានដាក់មងយកត្រីនៅស្ទឹកមេទឹក ឈ្មោះ មឿន មីន បានថ្លែងឱ្យដឹងថា កាលពីល្ងាចម្សិលមិញ រូបគាត់បានទៅរាយមងរកត្រី នៅចំណុចកើតហេតុខាងលើ រួចក៏ទៅសម្រាកនៅផ្ទះបាត់ លុះពេលព្រឹកឡើង រូបគាត់ក៏ភ្ញាក់ពីដេកទៅដោះមង ភ្លាមនោះ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល ទម្ងន់ប្រហែលជាង១០០គីឡូតែម្តង ភ្លាមៗនោះរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ លើកក្រពើរមួយក្បាលនោះមក។
បុរសរូបនោះ បានឱ្យដឹងទៀតថា តាំងពីលោកប្រកបរបរដាក់មងរកត្រីនៅចំណុចស្ទឹងខាងលើ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ តែធ្លាប់តែលឺតៗគ្នាថា ស្ទឹងមេទឹកនេះ មានធនធានជីវចម្រុះជាច្រើន រាប់ទាំងសត្វក្រពើ ត្រី កន្ធាយ...ផងដែរ។
បច្ចុប្បន្នសត្វក្រពើនេះ ត្រូវបានដឹកយកទៅរក្សាទុកនៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥ រង់ចាំបញ្ជាពីថ្នាក់លើ ហើយពុំទាន់មានការសន្និដ្ឋានឱ្យដឹងនៅឡើយទេថា សត្វក្រពើនេះ ជាសត្វក្រពើធម្មជាតិរស់នៅក្នុងស្ទឹងនោះឬក៏រួចមកពីណាទេ តែបើតាមមន្រ្តីសាលាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ខាងដែនជម្រកបានទំនាក់ទំនងជាមួយអង្គការ Wildife Allinane ដើម្បីឲ្យមកទទួលយកនៅថ្ងៃស្អែកនេះ៕