(ចិន)៖ ការប្រកួត «ឆ្លងកាត់ឧបសគ្គ» ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងដោយកងទ័ពចិន បានដាក់បង្ហាញជាលើកដំបូង ឱ្យសាធារណជនបានឃើញ យន្តហោះដ្រូនស្វ័យប្រវត្តិ និងមនុស្សយន្តដែលធ្វើចលនា ដូចជាវត្ថុមានជីវិត។

នៅក្នុងការប្រកួតសហការស្វែងរកអ្វីមួយ នៅលើដី និងនៅលើអាកាស គេបានសម្ពោធយន្តហោះដ្រូនស្វ័យប្រវត្តិ ដែលមានសមត្ថភាពបង្កើតផែនទីមួយបានភ្លាមៗ អំពីទីតាំងដែលគេកំណត់ លើផ្ទៃដីជិត១គីឡូម៉ែត្រការេ។ ហើយបន្ទាប់មក វាអាចតាមដាន និងសន្មតគោលដៅជាក់លាក់មួយ ស្របពេលដែលកំពុងសហការជាមួយ យានស្វ័យប្រវត្តិមួយទៀត ដែលនៅលើដី ដើម្បីស្វែងរកអ្វីមួយ។

ការប្រកួតសហការស្វែងរកនៅលើដី និងនៅលើអាកាស ជាផ្នែកថ្មីមួយនៃការប្រកួតហើយក្នុងឆ្នាំនេះ មានប្រាំបីក្រុមបានចូលរួម។ ចំនុចសំខាន់នៃការប្រកួត គឺផ្តោតទៅលើថា តើប្រព័ន្ធបញ្ជាយានស្វ័យប្រវត្តិនៅលើដី អាចដាក់បញ្ចូលគ្នាដោយវិធីណាជាមួយដ្រូន នៅលើអាកាស ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។

លោក លី ពិជុន ប្រធានក្រុម កងនាវាសកលវិទ្យាល័យវូហាន និយាយថា «ជាធម្មតានៅតាមសាលារៀន យើងតែងផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវ និងក្បួនដោះស្រាយគណិតវិទ្យាមួយចំនួន ហើយកម្រធ្វើតេស្តគណិតវិទ្យារបស់យើង ជាមួយស្ថានភាពពិតជាក់ស្តែងណាស់។ តាមរយៈការប្រកួតនេះ យើងអាចចូលរួមជាមួយមិត្តរបស់យើង និងក្រុមដទៃទៀត ហើយរៀនពីគ្នាទៅវិញទៅមក ក៏ដូចជាអភិវឌ្ឍខ្លួនយើង ដែលនេះពិតជាលទ្ធផលដ៏អស្ចារ្យ»

នៅក្នុងការប្រកួត មនុស្សយន្តដែលអាចធ្វើចលនាដូចជាវត្ថុមានជីវិត ត្រូវឆ្លងកាត់ឧបសគ្គ ស្របពេលត្រូវរែកទម្ងន់ដ៏ធ្ងន់។ មនុស្សយន្តទាំងនោះ ត្រូវធ្វើដំណើរឆ្លងកាត់ ផ្ទៃដីដែលមានលក្ខណៈស្មុគស្មាញដូចជា ស្មៅ ដី ភក់ជ្រាំ និងប្រឈមមុខនឹងឧបសគ្គដូចជា ជណ្ដើរ ប្រឡាយ និងផ្លូវចោត ដែលមានរយៈចម្ងាយជាង៩០០ម៉ែត្រ។

លោក លី សឹង វិស្វករ វិទ្យាស្ថានស្រាវជ្រាវកងទ័ពរំដោះប្រជាជននិយាយថា «បន្ថែមលើការបញ្ជាពីចម្ងាយធម្មតាៗ យើងបានបញ្ចូលមុខងារគ្រប់គ្រង កាយវិការនិងសម្លេង ទៅក្នុងមនុស្សយន្តនេះ ដែលគួបផ្សំជាមួយការអភិវឌ្ឍបច្ចេកវិទ្យារបស់យើង ដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់កម្មវិធីរបស់យើង។ ក្រុមប្រកួតលើកនេះ បានបង្ហាញពីសមត្ថភាពគ្រប់គ្រងកាយវិការ និងសម្លេងរបស់មនុស្សយន្តរបស់ពួកគេ បានយ៉ាងច្បាស់លាស់មែនទែន។ ការរៀបចំទីតាំងប្រកួត ក៏ស្រដៀងទៅនឹងទីលានប្រយុទ្ធពិតៗអញ្ជឹងដែរ ដែលជួយឱ្យពួកយើងអាចត្រៀមខ្លួន សម្រាប់បំពេញតម្រូវការយោធានារបស់ជាតិ ពេលអនាគត»៕ (សារព័ត៌មាន CCTV របស់ចិន)