(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងទទួលបានភាពជោគជ័យ ជូនប្រទេសជាតិ ក្រោយត្រឡប់មកពីកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP លើកទី៤៥» នៅប្រទេសជប៉ុន ប៊្រុយណេ ហ្វីលីពីន ថៃ និងវៀតណាមវិញ ជាពិសេសការពង្រឹងពង្រីក និងផ្សព្វផ្សាយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ការដាស់តឿន និងជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូយុវជន ដឹកនាំដោយ លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ និងពុទ្ធិគ្រប់ជ្រុងជ្រោយ មុនពេលចេញទៅចូលរួមកម្មវិធីខាងលើ។ កម្មវិធីនេះ មានរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ជាឱកាសពិសេសក្នុងការ ឱ្យយុវជនកម្ពុជាពង្រឹង និងពង្រីកចំណងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួន និងប្រទេសដទៃដើម្បីងាយស្រួលក្នុងការអនុវត្តការងារ និងបកស្រាយបា្រប់យុវជនរួមដំណើរ។
សូមជម្រាបថា យុវជនកម្ពុជាចំនួន២៩នាក់ នឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៥ ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថានៅក្នុងរយៈពេល៥២ថ្ងៃនេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជន មកពីប្រទេសក្នុងអាស៊ាន រួមនឹងប្រទេសជប៉ុន ដែលជាអ្នកបង្កើតកម្មវិធីនេះ និងធ្វើដំណើរតាមនាវាពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសប្រ៊ុយណេ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។ នៅក្នុងនោះ គណៈប្រតិភូយុវជនទំាងអស់ នឹងមានកម្មវិធីពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ក្នុងការជួយដល់សង្គមជាតិ ការរឹតចំណងមិត្តភាពនៃប្រទេសនីមួយៗ។
លោក ស្រ៊ាន គឹមលី បានគូសបញ្ជាក់ថា នៅពេលនោះយុវជន និងត្រូវចែករំលែកពីវប្បធម៌ សិល្បៈ នៃប្រទេសនីមួយៗ។ ការស្នាក់នៅជាមួយ ឪពុកម្តាយធម៌ ហើយនៅពេលកម្មវិធីនាវាឆ្លងកាត់ប្រទេសណាយុវជនគណៈប្រតិភូ និងបានចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំប្រទេស នោះផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ផ្តាំផ្ញើថា «ក្មួយត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័នតំបន់ និងអន្តរជាតិនានាដែលកម្ពុជា ជាសមាជិក ក្នុងនោះដូចជាអាស៊ានអន្តរសភាអាស៊ាន (អាយប៉ា) និងអង្គការអន្តរជាតិផ្សេងៗទៀត រួមទំាងអត្ថប្រយោជន៍ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការទំាងនោះសម្រាប់កម្ពុជាយើង»។
សម្តេចបានផ្តល់ជាអនុសាសន៍ថា យុវជនដែលជាប្រតិភូទំាងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗ យកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ ត្រូវចេះស្រលាញ់គ្នាឱ្យដូចជាបងប្អូន ដោយត្រូវធ្វើការសហការគ្នាធ្វើការងារជាក្រុម និងចេះជួយធុរៈគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ដូចពាក្យខ្មែរមួយឃ្លាពោលថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយ តែមួយ»។
សម្តេចអគ្គមហាពញាចក្រី បានសង្កត់ធ្ងន់ថា យុវជនទំាងអស់ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឱ្យកម្ពុជា ដោយរក្សាឱ្យបាននូវកិត្តិយសតម្លៃ និងវប្បធម៌របស់ជាតិដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អ ជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងដោយប្រទេសជប៉ុន គឺនៅឆ្នាំ១៩៧៤។ ចំណែកសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជា ចំនួន៦៦៩នាក់ ហើយបានចូលរួមជាមួយកម្មវិធី នាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុននេះ។
លោក ស្រ៊ាន គឹមលី បានថ្លែងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានដំណើរការរហូតមកដល់ពេលនេះ គឺដោយសារទទួល បានការគំាទ្រពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក្រសួងមន្ទីរនានា ជាពិសេសការផ្តល់កិត្តិយសយ៉ាងថ្លៃថ្លា របស់សម្តេចប្រធានរដ្ឋសភា ដែលជាតំណាងស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ។
សម្តេចប្រធានរដ្ឋសភា បានជូនពរដល់ក្មួយៗ យុវជនទាំងអស់ សូមមានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសេចក្តីសុខ សប្បាយ និងមានសុវត្ថិភាពព្រមទាំងសម្រេចបាននូវលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានផ្តល់ជូនយុវជន ដែលជាប្រតិភូយុវជនកម្ពុជា នូវថវិកា៤០ម៉ឺនរៀលសម្រាប់ម្នាក់ៗ និងថវិកាចំនួន៤លានរៀល សម្រាប់បម្រើការក្នុងសមាគមផងដែរ៕