(កំពង់ចាម)៖ លោក គួច ចំរើន គណៈអភិបាល និងជាអភិបាលខេត្តកំពង់ចាម បានថ្លែងថា នៅក្នុងខេត្តកំពង់ចាម មានប្រជាពលរដ្ឋចំនួន៣៨,០០០គ្រួសារហើយ ដែលបានទទួលអំណោយសប្បុរសជន ក្នុងពេលជួបគ្រោះទឹកជំនន់ ហើយអំណោយទាំងនោះ បានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពង់ចាម ធ្វើការទំនាក់ទំនងសុំជំនួយពីសប្បុរសជននានា ដែលមានចិត្តសប្បុរស។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលចុះចែកអំណោយសប្បុរសជនជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារ នៅក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា គ្រាន់តែក្នុងស្រុកកោះសូទិន មានប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់ចំនួន១៣,០០០គ្រួសារ ដែលរងគ្រោះត្រូវបានទទួលអំណោយ ពីសប្បុរសជនជាបន្តបន្ទាប់ ដែលអំណោយទាំងនោះ បានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពង់ចាម ធ្វើការទំនាក់ទំនងសុំជំនួយពីសប្បុរសជននានា ដែលមានចិត្តសប្បុរស។

សម្រាប់ខេត្តកំពង់ចាម មកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៣៨,០០០គ្រួសារហើយ ដែលទទួលបានអំណោយទាំងនោះ។ លោកក៏បានថ្លែងផងដែរថា នៅពេលនេះទឹកទន្លេមេគង្គ មានការស្រកចុះជាបន្តបន្ទាប់ហើយ ដូច្នេះអ្វីដែលត្រូវគិតបន្តនោះ គឺបញ្ហាគ្រាប់ពូជន៍សម្រាប់ដំណាំកសិកម្ម។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោតជ្រើរើស ថ្នាក់ដឹកនាំយ៉ាងច្រើនសន្ធឹកសន្ធាប់ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ ដែលនោះគឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា បានចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងដំណើការលទ្ធិប្រជាធិប្បតេយ្យ ដែលមានប្រជាពលរដ្ឋពេញចិត្ត ចូលរួមបោះឆ្នោតច្រើនសន្ធឹកសន្ធាប់ ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។

ជាលទ្ធផល មកដល់ពេលនេះ សម្លេងឆ្នោតរបស់បងប្អូន បានកើតចេញនូវរដ្ឋាភិបាល ហើយថ្នាក់ដឹកនាំដែលកំពុងស្ថិតក្នុងតំណែង ក៏កំពុងប្រឹងប្រែងធ្វើការ ដើម្បីដោះស្រាយបញ្ហានានា ដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ជាក់ស្តែងដូចជា ក្នុងពេលនេះ ខណៈដែលបងប្អូនកំពុងជួបការលំបាក ថ្នាក់ដឹកនាំក៏កំពុងមានវត្តមាននៅទីនេះដែរ ដើម្បីខិតខំប្រឹងប្រែងរួមគ្នារកដំណោះស្រាយ ជូនបងប្អូនមិនដែលអាក់ខានឡើយ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់តំណាងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដែលបានធ្វើជាអំណោយសប្បុរសធម៌ មកចែកជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ។

ដោយឡែក ស្ថិតក្នុងឱកាសនោះ ដែលជាថ្ងៃបិណ្យ១ លោកស្រី ទេព រង្សីខៀវកញារិទ្ធ ក៏បានផ្តល់អំណោយជូនចាស់ៗដែលមានវ័យ ៧០ឆ្នាំឡើង ជិត១០០នាក់ ក្នុងនោះ ម្នាក់ៗទទួលបានថវិកា ២០,០០០រៀលផងដែរ៕