(សៀមរាប)៖ លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅខេត្តសៀមរាប នៅសាលសន្និសីទ នៃសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ដើម្បីពង្រីក និងពង្រឹងនូវការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។
កម្មវិធីនេះក៏មានរវត្តមានរបស់លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្តីទីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាល សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានជាង៥០០នាក់ផងដែរ។
គោលបំណង នៃអង្គពិធីនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព និងពង្រឹងការអនុវត្តតួនាទី ភារកិច្ច។ ជាមួយគ្នានេះ អង្គពិធីបានស្តាប់នូវបទបង្ហាញការពិភាក្សា និងអនុសាសន៍ដូចជា៖
*ទី១៖ បទបង្ហាញស្តីពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
*ទី២៖ ការងារអត្រានុកូលដ្ឋាន
*ទី៣៖ ការកែតម្រូវអក្ខរាវិរទ្ធក្នុងអត្រានុកូលដ្ឋាន
*ទី៤៖ ការផ្តល់សេវារដ្ឋបាល
*ទី៥៖ មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់
*៦៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានេះ អង្គពិធីបានស្តាប់នូវអនុសាសន៍ចម្បងជាច្រើន ក្នុងការជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធិភាព និងតម្លាភាព ជាមួយ និងការទទួលខុសត្រូវខ្ពស់ផងដែរ៕