(ភ្នំពេញ)៖ បើទោះបីជាស្ថានភាពជីវិតនាពេលបច្ចុប្បន្នមានភាពល្អប្រសើរ និងមានភាពល្បាញល្បីមានមុខមាត់គួរសមនៅក្នុងសង្គមយ៉ាងណាក្តី តែភាពជូរចត់ក្នុងជីវិតក្នុងកុមារភាពនៅតែស្លាកស្នាមអនុស្សាវរីយ៍ដ៏ជូរចត់មិនអាចបំភ្លេចបានសម្រាប់ឧកញ៉ាផាសុកបណ្ឌិត គាង សេង។ អ្វីដែលធ្វើឲ្យរូបលោកនៅតែរលឹកដល់គ្មានថ្ងៃបំភ្លេចថែមទៀតនោះ គឺគុណបំណាច់របស់គ្រូៗដែលជាបានផ្តល់ចំណេះដឹងដើម្បីធ្វើជាដើមទុនជីវិតដ៏សំខាន់សម្រាប់ជីវិតរបស់ឧកញ៉ាមានចំណេះជំនាញលើផ្នែកផាសុកភាពទទួលបានជោគជ័យនាពេលបច្ចុប្បន្ននេះ។
លោក គាង សេង ជាកុមារាម្នាក់ដែលបានកើត នៅក្នុងភូមិវត្តកណ្តាល ឃុំស្វាយប៉ោរ ស្រុកសង្កែ ខេត្តបាត់ដំបង និងធំធាត់នៅក្នុងភូមិអូតាំគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ កុមារភាពក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានធ្វើឲ្យកុមារ គាង សេង បានជួបឧបសគ្គ និងទុក្ខលំបាកជាច្រើនក្នុងនាមជាកូនកំព្រាឪពុក មានតែម្តាយដែលរាប់រងចិញ្ចឹមកូនរហូតដល់ទៅ ៣នាក់។
លោកឧកញ៉ា គាង សេង បានរៀបរាប់ថា តាមរយៈស្ថានភាពដ៏លំបាករបស់លោកពេលនោះ បើគ្មានការតស៊ូប្រឹងប្រែងជំរុញរបស់ម្តាយ ការប្រឹងប្រែងផ្ទាល់ខ្លួន ហើយបើគ្មានការជួយជ្រោមជ្រែងលើកទឹកចិត្ត និងការលះបង់ពីគ្រូៗទេ លោកមិនអាចចាប់យកការសិក្សាច្បាមយកចំណេះដឹងធ្វើជាដើមទុនសាងឧត្តមភាពជីវិតដូចពេលបច្ចុប្បន្ននោះឡើយ។
ផ្តើមចេញពីការខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ជាមួយការខិតខំផ្តល់ទុនចំណេះដឹងក្នុងស្ថានភាពដ៏លំបាកពីលោកគ្រូ អ្នកគ្រូ ពីអតីតកាលនោះ បច្ចុប្បន្នឧកញ៉ា គាង សេង បានឈានមកដល់ក្នុងស្ថានភាពជីវិតមួយប្រសើរ និងល្បាញល្បីក្នុងសង្គមផងដែរ។ ទោះបីជីវិតបានរំកិលមកកាន់ដំណាក់កាលល្អប្រសើរបែបនេះក្តី តែស្លាកស្នាមនៃជីវិតក្រខ្សត់លំបាកវេទនា ជាពិសេសគុណបំណាច់គ្រូៗដែលផ្តល់ចំណេះដឹងដល់រូបលោកនៅតែជាអនុស្សាវរីយ៍មួយនៅតែបន្តដិតដាមក្នុងខ្សែជីវិតមិនអាចបំភ្លេចបានឡើយ។
«ពួកគាត់មានសណ្តានចិត្តល្អណាស់ គាត់តែងតែប្រឹងប្រែងជួយបង្ហាត់បង្រៀនយើង និងតែងតែលើកទឹកចិត្តឲ្យប្រឹងប្រែងសិក្សារៀនសូត្រ។ ពួកគាត់ គឺល្អណាស់ បើគ្មានពួកគាត់ជួយប្រឹងប្រែងផ្ទេរចំណេះដឹងមកយើងទេយើងមិនអាចមានថ្ងៃនេះបានឡើយ។ នេះជាគុណបំណាច់ដ៏ធំធេងមួយសម្រាប់ជីវិតរបស់ខ្ញុំ»។ ឧកញ៉ាផាសុកបណ្ឌិត គាង សេង រៀបរាប់រំលឹកពីស្លាកស្នាមអនុស្សាវរីយ៍ជាមួយគ្រូៗក្នុងគ្រាក្រខ្សត់ពីកុមារភាព។
បេះដូងប្រកបដោយមនោសញ្ចេតនា និងការគោរពដឹងគុណចំពោះគ្រូៗដែលត្រូវបានគេប្រសិទ្ធនាមជាអ្នកមានគុណទី២បន្ទាប់ពីឪពុកម្តាយនោះ ឧកញ៉ា គាង សេង នៅសប្តាហ៍មុនេះ បានរៀបចំកម្មវិធីអញ្ជើញគ្រូបង្រៀនរបស់ខ្លួនក្នុងខេត្តបាត់ដំបងមានវ័យចំណាស់ៗ ហើយបច្ចុប្បន្នបានក្លាយជានិវត្តន៍ជនអស់ទៅហើយជិត២០នាក់ មកលេងកម្សាន្តនៅរាជធានីភ្នំពេញ ដើម្បីបានឃើញពីការអភិវឌ្ឍន៍ និងភាពស្រស់បំព្រងរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។
ក្រៅពីនាំទស្សនានៅក្នុងរាជធានីភ្នំពេញ និងបានទៅលេងកម្សាន្តនៅរមណីយដ្ឋានមួយចំនួនហើយនោះ ក្នុងរយៈពេលពីរថ្ងៃនេះ ឧកញ៉ា គាង សេង ក៏បាននាំគ្រូៗជាអ្នកមានគុណដល់ខ្លួនទៅកាន់ភោជនីយដ្ឋានល្បីៗ និងស្រស់ស្រូបអាហារឆ្ងាញ់ៗ ហើយក៏មានផ្តល់ជាសម្លៀកបំពាក់ សៀវភៅសុខភាព ព្រមទាំងផ្តល់ការថែទាំងសុខភាពដោយឥតគិតថ្លៃជូនពួកគាត់ថែមទៀតផង។
លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ប្រធានស្ថាបនិកសមាគមយុវជនដើម្បីផាសុកភាព និងជាស្ថាបនិកផាសុកភាពនៅកម្ពុជា បានលើកឡើងថា អ្វីដែលលោកបានធ្វើនាពេលនេះមិនអាចទូទាត់នូវគុណបំណាច់របស់គ្រូបានឡើយ គ្រាន់តែជាការតបគុណមួយផ្នែកតូចប៉ុណ្ណោះ។ តែលោកក៏បានរីករាយផងដែរ នៅពេលបានឃើញលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ការនឿយហត់ក្នុងគ្រាក្រលំបាករំលេចស្នាមញញឹមយ៉ាងស្រស់ស្រាយក្រោយបានលេងកម្សាន្តក្នុងរាជធានីភ្នំពេញ ពិសារអាហារនៅតាមតាមអាហារដ្ឋានល្បីៗដែលពួកគាត់មិនធ្លាប់បានជួប។
លោកឧកញ៉ា ក៏បានអរគុណគ្រូៗជាទីគោរពស្រឡាញ់ទាំងអស់ ដែលបានឆ្លៀតពេលដ៏មានតម្លៃចាកឆ្ងាយពីគ្រួសារ និងបរិចាកការនឿយហត់មកលេងអតីតសិស្សដែលមានប្រវត្តិដ៏កម្សត់ជូរចត់ម្នាក់នេះ។
ជាមួយនឹងភាពរីករាយ លោកគ្រូ អ្នកគ្រូ បានកោតសរសើរផងដែរចំពោះទឹកចិត្ត និងកាយវិការប្រកបដោយគុណធម៌របស់ឧកញ៉ាផាសុកបណ្ឌិត គាង សេង។ លោកគ្រូ អ្នកគ្រូ បានលើកឡើងថា ការលះបង់របស់ពួកគាត់ពីអតីកាលមិនចង់បានការតបស្នងអ្វីទាំងអស់ គឺគ្រាន់តែចង់ឃើញកុលបុត្រ កុលធីតាខ្មែរ បានទទួលចំណេះដឹងពង្រឹងបញ្ញាស្មារតីក្នុងការរួមចំណែកអភិវឌ្ឍជាតិ តែក៏រីករាយខ្លាំងណាស់ដែរ នៅពេលឃើញកូនសិស្សកើតចេញពីការបណ្តុះបណ្តាលរបស់ពួកគាត់ទទួលបានឧត្តមភាពជីវិតដ៏ល្អប្រសើរ៕