(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុន (NORTON University) បានរៀបចំកម្មវិធីតាំងពិព័រណស្នាដៃ របស់និស្សិតគ្រប់មហាវិទ្យាល័យប្រចាំឆ្នាំ២០១៨ ក្នុងន័យផ្តល់ឱកាសបន្ថែមដល់និស្សិតដែលបានធ្វើការសិក្សា ស្រាវជ្រាវ អនុវត្តន៍ និងបង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតរបស់ខ្លួន ទទួលបាននូវអត្ថប្រយោជន៍ខ្ពស់ នៃកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ។
ការតាំងពិព័រណ៍ស្នាដៃនិស្សិតគ្រប់មហាវិទ្យាល័យ ប្រចាំឆ្នាំ២០១៨នេះ ធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន និងមានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្សេងៗ ស្ទើរតែគ្រប់វិស័យ ទាំងវិស័យហិរញ្ញវត្ថុ ដែលមានដូចជា ធនាគារព្រីនស៍ ក្រុមហ៊ុនគ្រឿងឧបភោគបរិភោគ ក្រុមហ៊ុននាំចូល និងតម្លើងឧបករណ៍ប្រើប្រាស់អគ្គិសនី និងអេឡិចត្រូនិក និងក្រុមហ៊ុនគ្រឿសម្អាង រួមនឹងក្រុមហ៊ុនជាច្រើនទៀតនៅកម្ពុជា ។
ពិព័រណ៍ស្នាដៃនិស្សិតដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាពិសេសលើកនេះ អាចចាត់ទុកជាការតាំងបង្ហាញដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ ដែលបានបង្ហាញពីស្នាដៃនិស្សិតជាច្រើនទម្រង់ រួមទាំងសិល្បៈគំនូរ ប្លង់ម៉ាកែតស្ថាបត្យកម្ម កម្មវិធីកុំព្យូទ័រ គ្រឿងយន្ត-អេឡិចត្រូនិច ដែលសុទ្ធសឹងតែបង្កើតដោយនិស្សិតជំនាញៗ។
និស្សិតន័រសាកលវិទ្យាល័យតុនគ្រប់ៗរូប បានតម្រូវឲ្យឆ្លងកាត់ការសាកល្បងសមត្ថភាពជាច្រើន ទាំងក្នុងថ្នាក់ ក្រៅថ្នាក់ និងការអនុវត្តន៍ផ្ទាល់។ ចំណែកពិព័រណ៍ស្នាដៃនិស្សិតប្រចាំឆ្នាំ គឺជាវិញ្ញាសារមួយ ក្នុងចំណោមវិញ្ញាសារជាច្រើន ដែលនិស្សិតន័រតុនត្រូវឆ្លងកាត់ និងជាឱកាសបង្ហាញសមត្ថភាពដល់សាធារណជន ជាពិសេសទៅដល់ក្រុមហ៊ុនដៃគូ សហការដែលមកចូលរួមការតាំងបង្ហាញនេះ នៅពេលដែលក្រុមហ៊ុនដែលជាដៃគូ បានឃើញនូវសមិទ្ធិផលទាំងនេះ ធ្វើឲ្យពួកគាត់មានជំនឿកាន់តែខ្លាំងឡើងចំពោះគុណភាព និងសមត្ថភាពរបស់និស្សិតម្នាក់ៗ ដែលនេះជាហេតុធ្វើឲ្យអត្រានិស្សិតន័រតុន ដែលមានការងារធ្វើតែងតែខ្ពស់ជានិច្ច។
ការបង្ហាញស្នាដៃទាំងនេះ ប្រៀបដូចជាការតម្រង់ទិសដល់សិស្សានុសិស្ស ដែលទើបទទួលជោគជ័យលើការប្រលងបាក់ឌុបថ្នាក់ជាតិ និងដល់ប្អូនៗថ្នាក់មធ្យមដែលមិនទាន់ដឹងច្បាស់ និងប្អូនៗ ដែលចង់ស្វែងយល់កាន់តែច្បាស់ពីជំនាញសិក្សានីមួយៗ។
សាកលវិទ្យាល័យន័រតុន មានបណ្តុះបណ្តាលនិស្សិតច្រើនជំនាញ ដោយបែងចែកជា៤ មហាវិទ្យាល័យធំៗ រួមមានដូចជា៖
ទី១៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាដែលផ្តោតសំខាន់លើជំនាញភាសាអង់គ្លេស។
ទី២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម មានផ្នែកពាណិជ្ជសាស្ត្រ សេដ្ឋកិច្ច នីតិសាស្ត្រ រួមជាមួយផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។
ទី៣៖ មហាវិទ្យាល័យទី៣ គឺមហាវិទ្យាល័យវិទ្យាសាស្ត្រដែលមានផ្នែក កុំព្យូទ័រវិទ្យា ផ្នែកអគិ្គសនី និងអេឡិចត្រូនិច ផ្នែកស្ថាបត្យកម្ម និងផ្នែកវិស្វកម្មសំណស់ស៊ីវិល។
ទី៤៖ មហាវិទ្យាល័យទី៤ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានមានជំនាញសំខាន់ៗប្រកបដោយសាស្ត្រាចារ្យពោរពេញដោយវិជ្ជាជីវៈ សម្ភារឧបទ្ទេសន៍គ្រប់គ្រាន់ ជាមួយនឹងកម្មវិធីសិក្សាសំបូរបែប។
ក្រៅពីការតាំងពិព័រណ៍បង្ហាញស្នាដៃជាសាធារណៈ សាកលវិទ្យាន័រតុនបានបង្កើតនូវការជួបជុំរវាងសិស្សច្បង និងសិស្សប្អូន ដៃគូពាណិជ្ជកម្ម និយោជក និងអនាគតនិយោជិក ព្រមជាមួយនឹងការកំសាន្តរីករាយក្នុងអំឡុងពេលវិស្សមកាលផងដែរ។
សាកលវិទ្យាន័រតុន មានគោលបំណងត្រួសត្រាយផ្លូវជូនសិស្សានុសិស្ស ក៏ដូចជាមាតាបិតា មុនពេលសម្រេចចិត្តចុះឈ្មោះចូលសិក្សាមុខវិជ្ជាណាមួយ ចៀសវាងការសិក្សាដែលផ្ទុយពីចំណង់ចំណូលចិត្ត និងទេពកោសល្យពិតប្រាកដរបស់សាម៉ីខ្លួន ក៏ព្រោះយើងជាជាក់ថា នៅពេលដែលអ្នកបានធ្វើការងារដែលខ្លួនស្រលាញ់ និងជំនាញនោះ អ្នកនឹងគ្មានថ្ងៃធុញទ្រាន់នោះទេ ហើយអ្នកនឹងរីកចម្រើនទៅមុខ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់អ្នកទៀតផង៕