(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមថ្ងៃវេនបិណ្ឌទី១ នៅវត្តគោគបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បាននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតាគ្រប់ៗរូប ក្នុងថ្ងៃភ្ជុំបិណ្ឌនេះផងដែរ។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ការកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនេះ ជាប្រពៃណីតាំងពីដូនតាខ្មែរ ហើយគោលបំណងនៃពិធីភ្ជុំបិណ្ឌនេះ គឺដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ គង់ចាំព្រះវស្សា នៅក្នុងទីអារ៉ាម។
លោកបន្តថា ម៉្យាងទៀត គឺដើម្បីរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា កុសលផលបុណ្យ ដែលបានធ្វើក្នុងថ្ងៃវេនបិណ្ឌទី១នេះ ពិតជាបានឆ្លើយតប ចំពោះអ្វីដែលកម្ពុជា កំពុងតែស្ថិតក្នុងភាពសប្បាយរីករាយ ហើយថ្ងៃនេះដែរ លោកក៏បានឧទ្ទិសកុសលផលបុណ្យ ដល់វីរយុទ្ធជន ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លោកថា លោកក៏បានឧទ្ទិសកុសលផលបុណ្យ ដល់លោក ព្រាប តាន់ អតីតអភិបាលខេត្តព្រះវិហារ ដែលបានទទួលមរណភាព។
លោក អ៊ុន ចាន់ដា បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា នៅក្នុងថ្ងៃភ្ជុំបិណ្ឌនេះ គឺធ្វើយ៉ាងណាកុំឲ្យការជួបជុំគ្នាក្នុងឱកាសនេះ ប្រែក្លាយជាការព្រាត់ប្រាស់គ្នា តាមរយៈការធ្វើដំណើរទីជិត ទីឆ្ងាយ ដោយការធ្វេសប្រហែស ក្នុងការធ្វើដំណើរ ដោយមិនគោរពច្បាប់ចរាចរណ៍ផងដែរ។
សូមជម្រាបថា ទេសរដ្ឋមន្ត្រី មាស សុភា រួមជាមួយអភិបាលខេត្តព្រះវិហារ និងក្រុមការងារបាន ឧបត្ថម្ភថវិកា១២លានរៀល សម្រាប់ការទិញភ្លេងពិណពាទ្យ, ប្រគេនបច្ច័យដល់វត្ត១២,៤៨៨,០០០រៀល, អង្ករ១តោន, ទឹកក្រូច៥កេស, មី៥កេស, ទឹកសុទ្ធ៥កេស, ទេយ្យវត្ថុ៧១កញ្ចប់, ចង្ហាន់ស្រាក់៧១ស្រាក់។ ក្រៅពីនោះ បានជូនលោកយាយ លោកតា២០០នាក់ ក្នុងម្នាក់ក្រណាត់ស១ដុំ និងថវិកា១០,០០០រៀលផងដែរ៕