(បាត់ដំបង)៖ បុរសម្នាក់ទើបចេញពីគុកថ្មីៗ មិនព្រមលះបង់គំនិត បានធ្វើចោរដើររលួចគេពេលយប់ទៀត ត្រូវបានសមត្ថកិច្ចចាប់បានពេលកំពុងដើរល្បាតនៅទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
លោក ឈឿង គឹមសុង នារងការិយាល័យព្រហ្នទណ្ឌកំរិតស្រាល ជាមេក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យភ្នាក់ងារFresh News ដឹងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ដោយអនុវត្តន៍តាមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌជាប្រចាំរួចមក លោកបានដើរល្បាតពេលយប់ក៏បានប្រទះឃើញបទល្មើសជាក់ស្តែង និងតាមបណ្តឹងរបស់ជនរងគ្រោះផងនោះ លោកបានដឹកនាំកម្លាំងចុះទៅបង្រ្កាបចោរលួចបទល្មើសជាក់ស្តែងនៅវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកក៏បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សំ ស៊ីណាត ហៅពេក ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃចំនួន០៦គ្រឿង នៅក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឈូក សុខឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីបានឃាត់ខ្លួនរួចមកសមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូម៉ាក ស៊ូស៊ូគីវីវ៉ា ស៊េរីចាស់មួយគ្រឿងផងដែរ។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងខាងលើឱ្យទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕