(ភ្នំពេញ)៖ កូនឈើប្រណិតចំនួន៥៦៥ដើម ក្នុងនោះមានក្រញូង បេង នាងនួន គគី ឈើទាល និងធ្នង់ ដែលទទួលបានពីថ្នាលបណ្តុះកូនឈើស្រុកពាមរក៍ ខេត្តព្រៃវែង និងកន្លែងផ្សេងៗមួយចំនួនទៀត បានដាក់ដាំនៅក្នុងបរិវេណវត្តកំពែង នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ ទំនាមទំលាប់ នៃព្រះពុទ្ធសាសនា។
ក្នុងពិធីដាំកូនឈើខាងលើនេះ ក៏មានការចូលពីព្រះគ្រូ រតនាមុនី វន្ត ដាវី ចៅអធិការវត្តកំពែង លោកឧត្តមសេនីយ៍ទោ សុខ សុគន្ធា, លោក កង វង ចៅសង្កាត់ចោមចៅ១ និង មានការចូលរួមក្រុមយុវជនកម្ពុជា ព្រមទាំងមន្ត្រីរាជការជុំវិញសង្កាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
ព្រះគ្រូ រតនាមុនី វន្ត ដាវី មានថេរដិការថា ថ្ងៃនេះ ជាថ្ងៃល្អមួយ ដែលផ្តើមពិធីបុណ្យកាន់បិណ្ឌវេនទី១ ក្នុងគន្លងព្រះពុទ្ធសាសនា ដូចនេះបានជាព្រះអង្គសម្រេចយកថ្ងៃនេះ រៀបចំការដាំកូនឈើក្នុងទីអារាម ព្រោះពេលនេះ មានប្រជាពុទ្ធបរិស័ទ មកធ្វើបុណ្យទានច្រើន ដែលគាត់មានឱកាសចូលរួមដាំ ទុកជាប្រយោជន៍សាធារណៈ និងជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា។
ព្រះអង្គ មានថេរដិការទៀតថា ការដាំដើមឈើ ដូចជាការធ្វើបុណ្យទានដែរ ព្រោះពេលដើមឈើធំ វាផ្តល់ម្លប់សំរាប់ទីជំរកដល់យើងគ្រប់គ្នា ពិសេសប្រជាពុទ្ធបរិស័ទ ដែលចូលមកធ្វើបុណ្យទាន ក្នុងទីអារាមនេះ ទទួលបានអារម្មណ៍ត្រជាក់ស្រួល និងជួយឱ្យបរិស្ថាន និងសោភ័ណភាពក្នុងទីអារាមកាន់តែល្អ ស្រប់បំព្រង និងមានផាសុខភាពគ្រប់ៗគ្នា។
ព្រះគ្រូ រតនាមុនី វន្ត ដាវី បញ្ជាក់ថា តាមគំរោង ព្រះអង្គចង់ដាំឱ្យបានជាង១ពាន់ដើម តែជំហ៊ានដំបូងនេះ ដាំចំនួន៥៦៥ដើមសិន ព្រោះដីនៅសើមពេក ក្រោយរដូវទឹកសម្រក ដីស្ងួត វត្តនឹងបន្តដាំបន្ថែមទៀត ដើម្បីឱ្យទីអារាមនេះ ក្លាយជាសួនរុក្ខជាតិប្រណិតចំរុះជាទីជំរងសំរាប់មនុស្ស សត្វ គ្រប់គ្នា។
លោក កង វង ដែលអញ្ជើញចូលរួមក្នុងការដាំកូនឈើថ្ងៃនេះដែរ បានថ្លែងថា នេះជាកាយវិកាប្រពៃបំផុតរបស់ព្រះចៅអធិការវត្ត មិនត្រឹមតែគិតគូរពីការកសាងសមិទ្ធិផលនានា ក្នុងទីអារាម ទុកជាទីសការៈសំរាប់គោរពបូជា ក្នុងគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ព្រះអង្គនូវបានគិតដល់បញ្ហាបរិស្ថានធម្មជាតិ និងពណ៌បៃតងក្នុងទីអារាម និងក្នុងមូលដ្ឋានបន្ថែមទៀត បើទោះបីយើងដឹងថា កូនឈើដែលដាំក្នុងថ្ងៃនេះ យើងមិនបានទទួលផលក៏ដោយ តែយ៉ាងហោចណាស់ ៣០ទៅ៤០ ឆ្នាំក្រោយ កូនចៅយើងនឹងទទួលបានប្រយោជន៍ពីវានៅពេលពួកគេមកធ្វើបុណ្យទានក្នុងទីអារាមនេះ។
លោក កង វង សូមឱ្យមេភូមិ, ប្រជាការពារ និងប្រជាពុទ្ធបរិស័ទភូមិជាប់ៗនេះ ចូលរួមថែរក្សាកូនឈើនេះឱ្យដុះលូតលាស់បានល្អ ពិសេសកុំបណ្តោយឱ្យគោចូលមកស៊ី នឹងត្រដុសកូនឈើ ព្រោះវាងាយនឹងងាប់ នៅពេលវាមិនទាន់ចាប់ឬសបានរឹងមាំ៕