(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជម្រុញដល់ក្រុមគ្រូពេទ្យទាំងអស់ នៅខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលជូនអ្នកជំងឺដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងតម្លាភាព។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល និងសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែងដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន(អូស្រ្តាលី) នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលមានអ្នកជំងឺមកពិនិត្យ និងព្យាបាលជាង៣,០០០នាក់ផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ, អ្នកជម្ងឺ និងក្រុមគ្រួសារអ្នកជំងឺទាំងអស់។ លោកស្រី ក៏បានកោតសរសើរ អរគុណដល់គម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលសកម្មភាពដ៏ថ្លៃថ្លានេះ ជាការចូលរួមចំណែកដ៏សំខាន់ណាស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត។
ទន្ទឹមនឹងនោះលោកស្រី ក៏បានថ្លែងអំណរគុណដល់បណ្ដាកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ និងការជួយគាំទ្រពីអង្គការដៃគូរផ្សេងៗទៀតដូចជា៖
*ទី១៖ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ អង្គការ Eye care Foundation បង់ជួសអ្នកជម្ងឺក្រីក្រ វះកាត់ភ្នែកឡើងបាយ
*ទី២៖ អង្គការCHC ជួយដល់ផ្នែកជម្ងឺរបេង-អេដស៍
*ទី៣៖ អង្គការដើមត្នោត និងMarie Stop ជួយកម្មវិធីពន្យាកំណើត
*ទី៤៖ អង្គការ Operation Smile ជួយវះកាត់មាត់ឆែបក្រអូមមាត់ឆែប
*ទី៥៖ អង្គការJICA បានធ្វើការសាងសង់អគារ ១ខ្នង កំពស់៣ជាន់ចំណាយថវិកាជាង៩លានដុល្លារអាមេរិក និងបានជួយផ្នែកថែទាំសុខភាពមាតា និងការជួយសង្រ្គោះទារក និងកុមារ ការបណ្តុះបណ្តាលមួយចំនួន
*៦៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យខេត្តរៀងរាល់៣ខែម្តង។
លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបទរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងតម្លាភាព។
ម្យ៉ាងទៀត ត្រូវពង្រឹងការងារអប់រំសុខភាព ជាពិសេសពន្យល់ និងណែនាំអ្នកជំងឺឱ្យបានច្បាស់លាស់ក្នុងពេលថែទាំ និងព្យាបាលជំងឺ ព្រមទាំងពង្រឹងបន្ថែមការធ្វើអនាម័យ នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ការត្រួតពិនិត្យការចំលងរោគនៅគ្រប់មូលដ្ឋាន សុខាភិបាលដែលជាបញ្ហាសំខាន់មួយផងដែរក្នុងវិស័យសុខាភិបាល៕