(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាទៅថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ ត្រូវសហការគ្នាទ្រទ្រង់ស្ថានការណ៍សន្ដិសុខ និងសុវត្ថិភាពសង្គម ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាំងអស់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប នៅព្រឹកមិញនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ បានថ្លែងយ៉ាងដូច្នេះថា «ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត លោកបានណែនាំដល់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ រួមសហការគ្នាទ្រទ្រង់ស្ថានការណ៍សន្ដិសុខ សុវត្ថិភាពរបស់សង្គម»។
បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាទៅកាន់គ្រប់អង្គភាពជំនាញទាំងអស់ ត្រូវលើកកម្ពស់គ្រប់គ្រងដឹកនាំមន្ដ្រីក្រោមឱវាទ រួមមានទាំងកម្រិតវិន័យ ជំនាញប្រតិបត្តិការ សតិអារម្មណ៍ សីលធម៌ និងភាពស្មោះត្រង់របស់កងកម្លាំង ជាមួយវិជ្ជាជីវៈរបស់ខ្លួន។
បន្ថែមពីនេះដើម្បីសម្រេច និងទ្រទ្រង់បានតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំទៅកាន់ប្រធានអង្គភាពជំនាញមួយចំនួន ដើម្បីពង្រឹងការងារសន្ដិសុខ ដែលសំខាន់ទៅលើការប្រមូលផ្ដុំព័ត៌មានដើម្បីចាត់វិធានការទប់ស្កាត់ នូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗទៀត ដែលអាចមានហានិភ័យបង្កអសន្ដិសុខដល់ប្រទេសជាតិ។
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, បទល្មើសសេដ្ឋកិច្ច និងបទល្មើសព្រហ្មទណ្ឌ ដែលត្រូវខិតខំធ្វើយ៉ាងណាដើម្បីទាញឲ្យបទល្មើសទាំងឡាយនោះថយចុះ។ ដោយឡែក បទល្មើសសេដ្ឋកិច្ច ត្រូវបង្ក្រាបរាល់ផលិតផល ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លើសពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំឲ្យពង្រឹងលើកងកម្លាំងការពារព្រំដែន ធ្វើយ៉ាងណាត្រូវការពារបូរណភាពទឹកដី ជាពិសេសត្រូវបង្កើនការលើកទឹកចិត្តដល់កងកម្លាំង ដោយត្រូវគិតគូរលើការបំប៉ន់ ការឧបត្ថម្ភស្បៀងអាហារ លេណដ្ឋាន ឧបករណ៍សម្រាប់បម្រើឲ្យការការពារព្រំដែន និងលុបបំបាត់ច្រករបៀងខុសច្បាប់ ដែលតែងមានលួចលាក់នោះ៕