(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមនិងលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរង បានចុះទៅសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍អូឡាំពិក ខណ្ឌចំការមន ព្រមទាំងនាំយកថវិកាផ្ទាល់ខ្លួនចំនួន៣លានរៀល ថែមនិងកន្រ្តកផ្លែឈើលាយភេសជ្ជៈ ជូនដល់នគរបាលដែលសំរាកព្យាបាល ក្នុងមន្ទីរពេទ្យរុស្ស៊ី។
លោក មាស សាឯមវីរី មន្ត្រីនគរបាលប៉ុស្តិ៍អូឡាំពិក បានជួបគ្រោះថ្នាក់ចរារណ៍ពេលកំពុងបំពេញភារកិច្ច កាលវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយ វត្តមហាមន្រ្តី តាមផ្លូវ១៧៣ កែងផ្លូវ១៩៣ ស្ថិតនៅភូមិ៣ សង្កាត់អូឡាំពពិក ខណ្ឌចំការមន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
លោកឧត្តមសេនីយ៍ ស ថេត បានផ្ដាំផ្ញើឲ្យក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ និងលោក មាស សាឯមវីរី ខំតស៊ូឡើងដើម្បីឆាប់ជាសះស្បាយពីជំងឺ។ នៅក្នុងពេលនោះលោក ស ថេត ក៏បានផ្ដល់ថវិកាជូនអ្នកជំងឺដែលសំរាកជាមួយនគរបាល ដែលគ្រោះចរាចរណ៍ចំនួន២នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន១០០ដុល្លារផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានឲ្យជំនាញការិយាល័យនគរបាលផ្នែកវាស់ចរាចរណ៍ផ្លូវគោកធ្វើការស៊ើបអង្កេតតាមដាន រករថយន្តកាំរីដែលបើកបុកមន្រ្តីនគរបាល បណ្ដាលរងរបួសកកឈាមក្នុងខួរក្បាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ដែលមិនទទួលខុសត្រូវបង្កគ្រោះថ្នាក់នៅលើផ្លូវសាធារណៈ៕