(ភ្នំពេញ)៖ បុរសជាសន្តិសុខម្នាក់ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួស ដើម្បីប្តឹងទៅលើម្ចាស់ផ្ទះដែលខ្លួនត្រូវបានជួលឲ្យមកយាម ដោយម្ចាស់ផ្ទះរូបនេះ ដែលគាត់ហៅថា ជាឧកញ៉ាទៀតនោះ បានយកដងអំបោសវាយគាត់បែកក្បាលដេរអស់៥ថ្មេរ។ ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បុរសសន្តិសុខខាងលើមានឈ្មោះ ព្រុំ សារ៉េត អាយុ៤៣ឆ្នាំ បានប្រាប់ថា ម្ចាស់ផ្ទះចិត្តព្រៃផ្សៃដែលបង្ករបួសស្នាមលើខ្លួនលោកនោះ មានឈ្មោះ ឡុង ហ៊ួរ ហើយជនរងគ្រោះបានអះអាងថា ថៅកែរបស់ខ្លួននេះមានងារជា «ឧកញ៉ា» ទៀតផង។
បើតាមជនរងគ្រោះ បានអោយដឹងថា រូបលោកត្រូវក្រុមហ៊ុនចាត់អោយទៅយាមផ្ទះរបស់លោកឧកញ៉ា ឡុង ហ៊ួរ មានទីតាំងស្ថិតនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះឈ្មោះ ព្រុំ សារ៉េត បាននិយាយថា មុនពេលកើតហេតុ រូបគេអង្គុយយាមកាមនៅក្នុងផ្ទះរបស់លោកឧកញ៉ា ឡុង ហ៊ួរ រួចក៏បានដេកលក់មួយភាំង លុះដល់ម៉ោង១០ យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែលោកឧកញ៉ា ឡុង ហ៊ួរ ឃើញសន្តិសុខដេកលង់លក់ដូច្នេះ ក៏យកដងអំបោសសំពងក្បាលចំនួន៣អំបោស បណ្តាលឱ្យបែកហូរឈាមតែម្ដង។
ក្រោយពេលដែលទទួលរងនូវការវាយដំ ពីសំណាក់លោកឧកញ៉ា ឡុង ហ៊ួរ ក៏មានអង្គរក្សម្នាក់បានស្រែកគំរាមថា ចេញឱ្យឆ្ងាយទៅ ប្រយ័ត្នគាត់ចូលទៅក្នុង ចេញមកវិញយកកាំភ្លើងមកបាញ់ រួចគាត់ក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាប១ តែដោយមិនបានជួបសមត្ថកិច្ច រូបគេក៏ត្រលប់ទៅផ្ទះវិញទៅ។
លុះស្អែកឡើង វេលាថ្ងៃត្រង់ ទើបរូបគេបានធ្វើដំណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងទៅលើលោកឧកញ៉ា ឡុង ហ៊ួរ ម្តងទៀត ដើម្បីឱ្យនគរបាលអន្តរាគមន៍ និងរកយុត្តិធម៌ជូនរូបគេ។
ក្រោយពេលសន្តិសុខរូបនេះដាក់ពាក្យបណ្តឹងរួចហើយ រូបគេក៏បានត្រឡប់ទៅផ្ទះវិញ ហើយក៏ស្ងាត់ឈឹងតែម្តងទៅ ដោយក្រុមអ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅគាត់ តាមរយៈលេខទូរស័ព្ទដែរ តែពុំមានអ្នកលើកទូរស័ព្ទនោះឡើយ។ យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីម្ចាស់ផ្ទះ ដែលអះអាងថាជាឧកញ៉ាឡុង ហ៊ួរ ដែលត្រូវបានបុរសជាសន្តិសុខចោទប្រកាន់បាននៅឡើយទេ៕