(កំពង់ចាម)៖ កងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន៤ករណី និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការចង្អុលបង្ហាញពី លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
បើតាមលោកឧត្ដមសេនីយ៍មេបញ្ជាការ ជាលទ្ធផលនៃការបង្ក្រាបរយៈពេលមួយសប្ដាហ៍នេះ កម្លាំងអាវុធហត្ថជំនាញឃាត់ខ្លួនជនសង្ស័យ បានចំនួន១១នាក់ ក្នុងនោះស្រីម្នាក់។ ទី១៖ឈ្មោះ អៀង សុខសំណាង អាយុ១៦ឆ្នាំ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម, ទី២៖ឈ្មោះ ចាន់ ម៉ូលីកា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ រាជធានីភ្នំពេញ, ទី៣៖ឈ្មោះ ផន ប៉ាតា អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ ខន ផល្លា អាយុ២៥ឆ្នាំ, ទី៥៖ឈ្មោះ ហេង ម៉េងហាន អាយុ២៣ឆ្នាំ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ, ទី៦៖ឈ្មោះ មោះ ប៊ុត រ៉ាធូ អាយុ៣១ឆ្នាំ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម, ទី៧៖ឈ្មោះ ប៉ិច ទិត្យ អាយុ៤៩ឆ្នាំ រស់នៅភូមិរំលិច ឃុំរំចេក ស្រុកកំពងសៀម, ទី៨៖ឈ្មោះ ចូវ សុជាតិ ហៅសុខ អាយុ៣២ឆ្នាំ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៩៖ឈ្មោះ លីម កសិម អាយុ៣៥ឆ្នាំ, ទី១០៖ឈ្មោះ ឡេង សុខហេង អាយុ២១ឆ្នាំ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងទី១១៖ឈ្មោះ រឿន ប៊ុនថាន អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្តាត់សំបូរមាស ក្រុងកំពង់ចាម។
លោកឧត្ដមសេនីយ៍ សោ សាវឿន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សចំនួន១៦កញ្ចប់, ទូរស័ព្ទដៃ ចំនួន០៧គ្រឿង និងកង់០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ខាងលើកម្លាំងជំនាញចាត់ការតាមនិតិវិធីបញ្ជូនទៅតុលាការ៕