Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកោះកុង ចុះត្រួតពិនិត្យការស្ថានាផ្លូវលេខ៤៨ ក្រោយរងគ្រោះដោយសារទឹកជំនន់រយៈពេល៥ខែកន្លងមក

25-09-2018 11:05

(កោះកុង)៖ ផ្លូវជាតិលេខ៤៨ ជាផ្លូវសេដ្ឋកិច្ចដ៏ពិសេសមួយ ក្នុងការធ្វើចរាចរដឹកទំនិញចេញចូលរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយក្នុងរយៈពេលប៉ុន្មានខែនេះ ត្រូវបានខូចខាតដោយសារសម្ពាធ អាកាសធាតុ ភ្លៀងធ្លាក់ជោគជាំនឹងរថយន្តដឹកទំនិញធ្ងន់ៗ តែទោះជាយ៉ាងណា អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនបានព្រងើយកន្តើយចំពោះបញ្ហាមួយនេះឡើយ។

ក្នុងការព្រួយបារម្មណ៍ ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យមើលការឈូសឆាយ ដើម្បីស្ថាបនាផ្លូវជាតិលេខ៤៨ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរបានស្រួលបណ្តេះអាសន្នសិន។

លោក អន ដាវុធ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត បានថ្លែងប្រាប់ថា ថ្ងៃនេះក្រុមការងាររបស់មន្ទីរថែរក្សាផ្លូវ បានធ្វើការស្ថាបនាផ្លូវលេខ៤៨ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើចរាចរបណ្តោះអាសន្នសិន ហើយការស្ថាបនា ក្រុមការងារធ្វើកន្លែងដែលមានការលំបាកជាងគេ ដូចជា ចំណុចគីឡូម៉ែត្រលេខ៨៣+០០០ និងគីឡូម៉ែត្រលេខ១១៤+៦០០ ដែលរងការខូចយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ភ្លៀងខ្លាំងមួយរយៈកន្លងមក។

លោក អន ដាវុធ បានបន្ថែមថា ចំពោះផ្លូវជាតិលេខ៤៨ រដ្ឋាភិបាលនឹងស្ថាបនានៅពេលឆាប់ៗនេះ ឱ្យតែអាកាសធាតុមានភាពដាច់ទឹកភ្លៀង ក្រសួងនឹងដាក់គ្រឿងចក្រ ចូលដើម្បីស្ថាបនាឱ្យបានល្អឡើងវិញ ដើម្បីឱ្យបងប្អូនធ្វើចរាចបានស្រួល។ លោកបានសំណូមពរ និងសុំការអធ្យាស្រ័យពីសំណាក់បងប្អូន ព្រោះផ្លូវជាតិខូចខាតខ្លាំង ដោយរដូវវស្សាឆ្នាំនេះមានទឹកខ្លាំងពេក៕