(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ អាចទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ន ដោយឥតគិតថ្លៃបានហើយ ចាប់ពីថ្ងៃនេះតទៅ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា បេក្ខជនដែលប្រឡងជាប់ អាចវិញ្ញាបនបត្របណ្ដោះអាសន្នដោយឥតគិតថ្លៃ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានីខេត្ត។
វិញ្ញាបនបត្របណ្ដោះអាសន្ន មានតម្លៃសម្រាប់ឲ្យសិស្សដែលប្រឡងជាប់ ដើម្បីដាក់ពាក្យប្រឡង ឬដាក់ពាក្យចូលរៀនបន្តថ្នាក់បរិញ្ញាបត្រ។
សូមជម្រាបថា សិស្សប្រឡងជាប់បាក់ឌុបសម្រាប់ឆ្នាំ២០១៨នេះ មានចំនួន៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕