(តាកែវ)៖ លោកវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជំរុញឲ្យមន្រ្តីសុខាភិបាល ក្នុងខេត្តតាកែវទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បំរើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង អញ្ជើញចុះមកបើកសម្ភោធអាគារផ្ដល់ឈាម និងមន្ទីរពិសោធន៍វិជ្ជសាស្រ្ត ដែលចំណាយការសាងសង់ អស់ជាង៨០ម៉ឺនដុល្លារ ជាអំណោយរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានសម្ដែងនូវអំណរគុណ ដល់ប្រជាពលរដ្ឋអាមេរិក ដែលបានផ្ដល់អាគារ ដ៏មានសារៈសំខាន់នេះ ដែលជាគុណប្រយោជន៍ ដល់ប្រជាជនក្នុងខេត្តតាកែវ ក្នុងការទទួលបាន សេវាផ្ដល់ឈាមគ្រប់គ្រាន់ ដើម្បីជួយសង្រ្គោះអាយុជីវិតពលរដ្ឋ បានទាន់ពេលវេលា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា អាគារនេះ វាបានឆ្លើយតបទៅនិងសេចក្ដី តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្នុងខេត្តតាកែវ និងតំបន់ជុំវិញ ស្របតាមយុទ្ធសាស្រ្ត របស់ក្រសួងសុខាភិបាលផងដែរ។
ជាមួយគ្នានោះ លោកវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា អាគារផ្ដល់ឈាម និងមន្ទីរពិសោធន៍នេះ ចាប់ពីបើកដំណើរការតទៅ ពិតជាអាចជួយសំរាលការលំបាកមួយកម្រិតទៀត ដល់ប្រជាពលរដ្ឋយើងក្នុងតំបន់នេះ ក្នុងការស្វែងរកទទួលសេវាផ្ដល់ឈាម យ៉ាងទូលំទូលាយ៕