(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញមកច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយថា ក្រុមហ៊ុនចិន រ៉ុង ឆេងបាន និងកំពុងធ្វើ អាជីវកម្ម យករ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្រាប់ក្រុមហ៊ុនចិនមួយនេះ ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានចេញប្រកាសសម្រេច ផ្អាកសកម្មភាពយករ៉ែមាស តាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨មកម្ល៉េះ ក្រោយពីមានករណីមនុស្សពុលស្លាប់ និងធ្លាក់ខ្លួនជាច្រើននាក់ នៅពេលនោះ។
មន្រ្តីជាន់ខ្ពស់សាលាខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ វិទ្យុអាស៊ីសេរី បានធ្វើការផ្សព្វផ្សាយដោយចោទប្រកាន់ថា ក្រុមហ៊ុន រ៉ុង ឆេង បានកំពុងដំណើរការអាជីវកម្មចម្រាញ់រ៉ែមាសឡើងវិញ ដោយមានសន្តិសុខយាមយ៉ាងតឹងរ៉ឹង បើទោះបីជាក្រសួង បានសម្រេចផ្អាកអាជីវកម្មរ៉ែមាសទាំងអស់នៅតំបន់នោះក្តី។ វិទ្យុនេះ បានដកស្រង់សំដីពីអ្នកភូមិដោយចោទថា ក្រុមហ៊ុននេះ នៅពីក្រោយខ្នង នៃការស្លាប់ពលរដ្ឋជាច្រើននាក់កន្លងទៅ និងរាប់រយនាក់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្រាបង្ហូរកាកសំណល់គីមី ឬជាតិហ្សានីតចូលក្នុងទឹកអូរធម្មជាតិ។
ជុំវិញការចោទប្រកាន់ដោយគ្មានការពិតខាងលើនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីសម្រេច មួយដោយឲ្យផ្អាក រាល់សកម្មភាព ធ្វើអាជីវកម្មយករ៉ែមាស នៅតំបន់ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅពេលនោះខាងក្រុមហ៊ុន ក៏បានប្រកាសបញ្ឈប់ដំណើរការរបស់ខ្លួន លើអាជីវកម្មយករ៉ែមាសភ្លាមៗ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនក៏មិនបានបន្តធ្វើសកម្មភាពទៀតនោះឡើយ។
ជាមួយគ្នានេះ ខាងក្រសួងរ៉ែ និងថាមពល ក៏បានប្រគល់សិទ្ធិសម្រេចជូនមកថ្នាក់ខេត្តផងដែរ ដើម្បីតាមដាន និងធ្វើការទប់ស្កាត់ករណីឲ្យមានប្រសិទ្ធភាព។ រហូតមកដល់ពេលនេះខាងរដ្ឋបាល ខេត្តមណ្ឌលគិរី ក៏មានកម្លាំងគណៈកម្មាការគ្រប់គ្រាន់ ដើម្បីនៅប្រចាំការដើម្បីឃ្លាំមើល និងការពារមិនឲ្យមានសកម្មភាពធ្វើអាជីវកម្មរ៉ែមាសនោះទេ។
ជាមួយគ្នានេះ ខាងតំណាងក្រុមហ៊ុនចិន រ៉ុង ឆេង ក៏បានច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ុនបាន និងកំពុងធ្វើអាជីវកម្មយករ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងដែរ។
ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានឈប់ធ្វើសកម្មភាពតាំងពីខែឧសភា ឆ្នាំ២០១៨មកម្ល៉េះ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាកសកម្មភាពធ្វើអាជីវកម្មយករ៉ែមាសនៅតំបន់ខាងលើរួចមក។
តាមរយៈការផ្សព្វផ្សាយគ្មានការពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់វិទ្យុអាស៊ីសេរីខាងលើនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការច្រានចោលទាំងស្រុង និងបំភ្លឺជូនសាធារណជនឲ្យបាន ជ្រាបគ្រប់ៗគ្នា។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោក ស៊ុយ សែម បានបញ្ជាក់ទៅកាន់អគ្គនាយកក្រុមហ៊ុន រ៉ុង ឆេង ថា កន្លងមកមានប្រជាពលរដ្ឋស្លាប់ និងប៉ះពាល់សុខភាព ដែលសង្ស័យថាបណ្តាលមកពីការ ពុលស្រា ដែលមានសារធាតុមេតាណុលខ្ពស់ និងពុលទឹកនៅតំបន់ព្រែកទេរ។ យោងតាមប្រភពព័ត៌មានផ្សេងៗទៀត ករណីពុលខាងលើនេះ ក៏អាចបណ្តាលមកពីសារធាតុគីមី (ស្សានីត) ដែលបង្ហូរចូលទៅប្រភពទឹកធម្មជាតិព្រែកទេរ ដែលចេញពីសកម្មភាពអាជីវកម្មរ៉ែមាស នៅតំបន់ចុងផ្លាស់ ស្រុកកែសីមា ដែលពុំមានការគ្រប់គ្រង និងការពារត្រឹមត្រូវ។
លោក ស៊ុយ សែម បានសម្រេចយ៉ាងដូច្នេះថា «...ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យក្រុមហ៊ុនផ្អាកសកម្មភាពទាំងអស់ នៃប្រតិបត្តិការធនធានរ៉ែនៅតំបន់ខាងលើ ជាបណ្តោះអាសន្នចាប់ពីថ្ងៃចុះហត្ថលេខា លើលិខិតនេះ រហូតដល់ការស៊ើបអង្កេតបានចប់សព្វគ្រប់។ ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នឹងរៀបចំការដ្ឋានក្រុមហ៊ុនអាចដំណើរការបានបន្តជាធម្មតា។ ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មី ក្នុងករណីមានការអនុញ្ញាតឲ្យចាប់ផ្តើមប្រតិបត្តិការ ធនធានរ៉ែសារឡើងវិញ»។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានបង្ហាញពីរបាយការណ៍ នៃការចុះត្រួតពិនិត្យ និងការុះរើពីសកម្មភាពធ្វើអាជីវកម្មរ៉ែនៅតំបន់ចុងផ្លាស់ផងដែរ៕