(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃប្រទេសកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាងជាព្រះរាជាធិបតីក្នុងកម្មវិធី បើកកម្មសិក្សារបស់សមណនិស្សិត-និស្សិត មហាវិទ្យាល័យភាសាបាលីសំស្រ្កឹត និងភាសាបរទេសឯកទេសអក្សរសាស្រ្តអង់គ្លេស ដែលបានប្រារព្ធនាសាលប្រជុំ នៃពុទ្ទិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
សម្តេចព្រះអភិសិរីបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្តូលថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះបានកសាងឡើង ដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងសម្រួលដល់សមណនិស្សិតនិស្សិតដែលបាននិមន្ត និងអញ្ជើញមកពីបណ្តារាជធានី-ខេត្ត-ក្រុងនានា ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដែលមាន៦ឯកទេស បាននឹងកំពុងដំណើរការ។
លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឲ្យដឹងថា កម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិត មហាវិទ្យាល័យភាសាបាលីសំស្រ្កឹត និងភាសាបរទេសឯកទេសអក្សរសាស្រ្តអង់គ្លេសនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗជាច្រើនរួមមាន៖ ការអនុវត្តផ្សារផ្ជាប់ជាមួយទ្រឹស្តី ការអនុវត្តិរបស់សមណនិស្សិត និស្សិតអាចទទួលបានបទពិសោធន៌ ជាក់ស្តែងការបង្ហាញសមណនិស្សិតនិស្សិត ពីរបៀបធ្វើកិច្ចតែងការបង្រៀនបង្ហាញពីរបៀបសរសេររ បាយការណ៌បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ដើម្បីបណ្តុះបណ្តាលសមណនិស្សិតនិស្សិត ឲ្យក្លាយជាគ្រូបង្រៀនបន្តរវេន្តប្រកបដោយគុណភាព និងសមត្ថភាពពេញលេញ ក្នុងការបង្ហាញពី កម្មវិធីសិក្សាដល់សមណនិស្សិតនិស្សិត ក៏ដូចជាសាធារណ:ជនទូទៅនៅក្នុងដេប៉ាតេម៉ង់ ពុទ្ធិកមហាវិទ្យាល័យសំស្រ្កឹត និងភាសារបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដោយយោងតាមអនុក្រឹត្យលេខ៨៣ អនក្រ.ប.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ និងបានទទួលស្គាល់គុណភាពអប់រំ ពីគណកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា (ACC) ក្នុងការបណ្តុះបណ្ដាលឆ្នាំសិក្សាមូលដ្ឋាន ហើយពុទ្ធិសាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៌១០០% សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ ដល់សមនិស្សិតនិស្សិតទាំងអស់ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ ដែលចូលរៀនលើកទី១នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៨ និងលើកទី២នៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៨៕