Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡដ្ឋានខេត្តកំពង់ធំ បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពមួយ ចូលរួមជំរុញសកម្មភាពកីឡានៅកម្ពុជាមុនស៊ីហ្គែម ២០២៣

24-09-2018 18:13

(កំពង់ធំ)៖ ដើម្បីជួយដល់វិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងដើម្បីសុខភាពល្អផងនោះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ កីឡាដ្ឋានខេត្តកំពង់ធំ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមហ៊ុនសេវាទូរស័ព្ទស្មាត និងក្រុមគ្រូវិទ្យាល័យកំពង់ធំ នៅកីឡាដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

តំណាងកីឡាករមកពីក្រុមហ៊ុនសេវាទូរស័ព្ទស្មាត និងក្រុមគ្រូបង្រៀន បាននាំមកនូវការអបអរសាទរគាំទ្រ និងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត ព្រមទាំងកីឡាករទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត និងសមត្ថភាពបច្ចេកទេសទេពកោសល្យ ចូលរួមការប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាកីឡាករ។

ក្រុមកីឡាករបានចាត់ទុកការប្រកួតកីឡា នាពេលនេះ គឺពិតជាបានក្លាយទៅជាគោលដៅយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជួយឲ្យមានកាយសម្បទាមាំមួន មានបញ្ញាភ្លឺថ្លា និងមានសីធម៌ល្អ ព្រោះកីឡានាំឲ្យមានវិន័យ មានសេចក្ដីថ្លៃថ្នូរ និងនាំឲ្យមានកិត្តិយស ពិសេសចង់បង្ហាញពីភាពសាមគ្គីគ្នា ពីភាពស្រឡាញ់វិស័យកីឡា និងចង់ឲ្យកុមារជំនាន់ក្រោយអាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ទៅថ្ងៃអនាគត។

ជាពិសេសនោះ ការលេងកីឡាធ្វើឲ្យមានការចូលរួមចំណែកបំផុសចលនាឲ្យបានទូលាយ លើសកម្មភាពអប់រំកាយ និងកីឡា ដើម្បីជាគោលដៅសុខភាពទាំងផ្លូវកាយ និងបញ្ញារបស់ប្រជាពលរដ្ឋ និងក៏ជាការត្រៀមខ្លួមចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គែម នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះផងដែរ៕