(ឡូវែល-សហរដ្ឋអាមេរិក)៖ ដោយសារទំហំទឹកចិត្តស្រលាញ់ពេញបេះដូងរកអ្វីព្រាបពុំនោះ កម្មករសំណង់នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាជូសេដ សហរដ្ឋអាមេរិក ដែលកំពុងញ៉ាប់ដៃលាបថ្នាំផ្ទះឲ្យចៅកែ បានអះអាងថា រូបគាត់នឹងទៅចាំទទួលស្វាគមន៍ និងចូលរួមពិធីសំណេះសំណាល ជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពេលដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
វត្តមានសម្ដេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉កនោះ គឺចំថ្ងៃដែលកម្មករសំណងវ័យចំណាស់រូបនេះជាប់រវល់ខ្លាំង ជាមួយការងារធ្វើផ្ទះ ប៉ុន្ដែរូបគាត់មិនរុញរានោះឡើយ ដោយសុខចិត្តទុកការងារមួយឡែកសិនចាំបង្ហើយនៅពេលក្រោយ ដើម្បីទៅទទួលស្វាគមន៍ថ្នាក់ដឹកនាំប្រទេសកំណើតរបស់ខ្លួន ព្រោះតែក្ដីស្រលាញ់ និងអាណិតដែលដក់ជាប់ក្នុងក្រអៅបេះដូង។
ក្រៅពីការចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទៅចូលរួមហើយនោះ កម្មករសំណង់ដែលមានឈាមជ័រជាខ្មែរ បានបង្ហាញនូវជំនឿជឿជាក់ថា ថ្ងៃទទួលស្វាគមន៍វត្តមាន សម្ដេចតេជោនាយករដ្ឋមន្ដ្រី ច្បាស់ជាមានអ្នកទៅចូលរួមច្រើន ហើយប្រហែលជាគ្មានកន្លែងសម្រាប់អ្នកទាំងអស់គ្នាផង និងបានហៅគម្រោងធ្វើបាតុកម្ម ដើម្បីប្រឆាំងវត្តមានសម្ដេចនោះ គឺជាក្រុមមួយក្ដាប់តូចតែប៉ុណ្ណោះ ខណៈមេរបស់ពួកគេបានរលាយអស់ទៅហើយ។
កម្មករសំណងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃសម្ដេចមក ចំថ្ងៃខ្ញុំរវល់ ប៉ុន្ដែដាច់ខាតត្រូវតែទៅមិនអាចនៅបាននោះទេ គឺថាចំណាយពេល ដោយថ្ងៃនោះចំថ្ងៃធ្វើការធ្វើផ្ទះ តែខ្ញុំត្រូវតែទៅផ្អាកកិច្ចការសិន។ គាត់ជាថ្នាក់ដឹកនាំដ៏ត្រឹមត្រូវ កំពូលសម្រាប់ប្រទេសកម្ពុជាមានសុខសន្ដិភាព ប្រជាជនកម្ពុជា បោះឆ្នោតឲ្យគាត់ជាលទ្ធិស្របច្បាប់របស់ប្រជាជនកម្ពុជា»។
បុរសវ័យចំណាស់រូបនេះបានបន្ដទៀតថា «ឆ្នាំនេះមានអ្នកទៅគាំទ្រច្រើនជាងឆ្នាំណាៗទាំងអស់តាមដែលខ្ញុំដឹង ហើយកន្លែងតាមលឺប្រហែលដាក់មិនអស់មនុស្សទៀត។ ដូច្នេះខ្ញុំសូមផ្ដាំផ្ញើបងប្អូននៅកម្ពុជា ប្រឹងប្រែងរក្សាសុខសន្ដិភាពរបស់បងប្អូន ហើយសន្លឹកឆ្នោតរបស់បងប្អូនកុំឲ្យជឿការញុះញង់ពីពួកបរទេសឲ្យសោះ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំ អង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕
ខាងក្រោមនេះជាវីដេអូរបស់ប្រជាពលរដ្ឋ សម្តែងអារម្មណ៍រីករាយ ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖