(គួយចូវ-ចិន)៖ តបតាមការអញ្ជើញរបស់លោកអគ្គលេខាធិការ ASEAN-China Center លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងនាមប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមសិល្បៈទៅចូលរួមព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week នៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ប្រចាំតំបន់ភាគលិចប្រទេសចិន។
ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week ខាងលើនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរៀបចំរវាងគណៈកម្មាធិការបក្សខេត្តគួយចូវ និង ASEAN-China Center ដើម្បីអបអរសាទរខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដែលបានកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន។
ដើម្បីអបអរសាទរគម្រប់ខួបលើកទី៦០ (១៩៥៨-២០១៨) នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំកម្មវិធីរាត្រីកម្ពុជា (Cambodia Night) ដោយមានការរៀបចំសម្តែងសិល្បប្រពៃណីវប្បធម៌ខែ្មរ ដែលគ្រោងនឹងអញ្ជើញភ្ញៀវកិត្តិយសចិន និងប្រតិភូអាស៊ានជាង៣០០នាក់ផងដែរ។
តាមកម្មវិធីគ្រោងទុក លោករដ្ឋមន្ត្រីក៏នឹងថ្លែងសុន្ទរកថា ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងពិធើបើកព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week ដែលមានការចូលរួមពីលោក Zhao Deming សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តគួយចូវ និងជាលេខាគណៈកម្មាធិការបក្សក្រុងគួយយ៉ាង លោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន និងអង្គរដ្ឋទូត និងតំណាងអង្គទូត និងស្ថានប័នពាក់ព័ន្ធនានា នៃប្រទេសសមាជិកអាស៊ាន។
លោករដ្ឋមន្ត្រី ថោង ខុន ក៏នឹងមានជំនួបទ្វេភាគីជាមួយលោក Zhao Deming សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តគួយចូវផងដែរ៕