(កំពង់ធំ)៖ ដើម្បីរួមចំណែកក្នុងការកសាងប្រទេសឱ្យមានការរីកចម្រើន ក្រុមហ៊ុនសេវាកម្មទូរស័ព្ទ Smart បានបង្កើតកម្មវិធីមនុស្សធម៌ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្សានុសិស្សប្រមាណ ២០០នាក់ នៅសាលាបឋមសិក្សាស្នែងក្របី ស្ថិតនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កម្មវិធីមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក អ៉ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរ មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិកក្រុមហ៊ុន Smart ជាច្រើននាក់។
លោក ភិន សេរីរ័ត្នន៍ តំណាងក្រុមហ៊ុន Smart បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុន Smart បង្កើតកម្មវិធីសប្បុរសធម៌ចែកសម្ភារសិក្សាដល់សិស្ស ក្នុងគោលបំណងលើកកម្ពស់ការសិក្សាក្នុងកម្រិតបឋម ដើម្បីឱ្យពួកគាត់មានបំណិនក្នុងការអាន ចូលរួមលើកកម្ពស់ដល់សិស្សក្រីក្រនៅក្នុងបឋមសិក្សាឱ្យប្រឹងប្រែងរៀនសូត្រ ដោយមិនបោះបង់ការសិក្សា លើកកម្ពស់វិស័យកីឡា ដើម្បីសុខភាព និងចៀសឆ្ងាយពីគ្រឿងញៀន បណ្តុះភាពជាគំរូដល់យុវជនជំនាន់ក្រោយ ដើម្បីចូលរួមចំណែកកសាងសង្គម ស្របតាមពាក្យស្លោក «ការអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់»។
លោក អ៉ិត វុឌ្ឍី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលបានជួយសម្ភារសិក្សាដល់សិស្សនៅសាលាបឋមសិក្សាស្នែងក្របី ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់ពីថា្នក់មូលដ្ឋានក្នុងការបង្កើនសមត្ថភាពអាន និងគំនិតច្នៃប្រឌិតព្រមទាំងបណ្តុះនូវគំនិតស្រឡាញ់បរិស្ថាន ប្រកបដោយសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យលោកគ្រូអ្នកគ្រូជួយបង្ហាត់បង្រៀនអប់រំទូន្មាន បៀនប្រដៅដល់សិស្សដោយយកចិត្តទុកដាក់ និងបណ្តុះស្មារតីឱ្យចេះរួមរស់នៅជាមួយគ្នា។ លោកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ការទូន្មានប្រៀនប្រដៅរបស់លោកគ្រូអ្នកគ្រូ ស្តាប់ឪពុកម្តាយ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ដែលជាទំពាំងស្នងឫស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិ។
សម្ភារៈដែលត្រូវចែកជូនដល់សិស្ស ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានកាតាប១ សៀវភៅ៥ក្បាល ប៊ិច២ដើម ឃីត១កញ្ចប់ និងថវិកា៤ពាន់រៀល។ លោកគ្រូអ្នកគ្រូ ១៥នាក់ ក្នុងម្នាក់ទទួលបានកាបូបស្ពាយ១ អាវ មួក សាប៊ូ និងថវិកា ៨០,០០០រៀល៕