(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទីតំបន់ ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយ៉ាលយ៉ាងណានោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាងនូវហេដ្ឋរចនាសម្ព័ន្ធនានា បន្តឱ្យកាន់តែមានការរីកចម្រើនបន្ថែមថែមទៀត ដើម្បីសម្រួលដល់តម្រូវការប្រជាពលរដ្ឋ នៅទីជនបទចរាចរ និងដឹកជញ្ជូនភោគផលមកកាន់ទីប្រជុំជន បានដោយងាយស្រួល។
លោកបានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួនពីរ ឱ្យប្រជាពលរដ្ឋចរាចរនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាអំណោយរបស់រដ្ឋាភិបាលកម្ពុជា និងប្រជាជនជប៉ុន។
លោក ស្វាយ សំអ៊ាង បានថ្លែងបន្តថា បើទោះបីយ៉ាងណារាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបន្តការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងសន្តិភាព ហើយក្នុងអណត្តិថ្មីនេះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្នុងនាមរូបលោកផ្ទាល់នឹងខិតខំបន្តការអភិវឌ្ឍ ឱ្យកាន់តែរីកចម្រើននៅតំបន់មូលដ្ឋាននេះឱ្យកាន់តែខ្លាំង ដើម្បីធ្វើការឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ឱ្យកាន់តែមានកម្រិតជីវភាពល្អប្រសើរថែមមួយកម្រិតទៀត។
បងប្អូនប្រជាពលរដ្ឋនៅនៅតាមឃុំជាច្រើនក្នុងស្រុកកោះញែក បានធ្វើការសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារនៅក្នុងភូមិ-ឃុំ របស់គាត់នាពេលនេះ មានស្ពានសម្រាប់ធ្វើដំណើរមកកាន់ទីប្រជុំជនបានដោយងាយស្រួល ខុសពីពេលមុនៗបងប្អូនប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្ស ធ្វើដំណើរម្តងៗមកកាន់ទីប្រជុំជន និងមកសាលារៀនពឹងផ្អែកលើក្បូនឬស្សី៕