Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជន៖ ប្រសិនបើប្រទេសកម្ពុជាគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះដែរ

24-09-2018 18:05

(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងពីសន្ដិសុខ នៃប្រទេសកម្ពុជាថា ប្រសិនបើកម្ពុជាគ្មានសុខសន្ដិភាពទេម្ល៉េះ ក៏គ្មានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យដូច្នេះដែរ។

ការលើកឡើងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រីចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងឱកាសត្រៀមរៀបចំកាន់បិណ្ឌ នៅបណ្ដាវត្តមួយចំនួន ក្នងស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «សេចក្ដីស្ងប់ជាសេចក្ដីសុខ ដែលមនុស្សគ្រប់រូបប៉ងប្រាថ្នា ជាទ្រព្យដ៏តែមួយ និងមានតម្លៃបំផុតដែលធ្វើឲ្យ រាល់កិច្ចការធំតូចទទួលបានជោគជ័យ។ ជាក់ស្ដែងរាល់សមិទ្ធផលដែលប្រជាតិ សម្រេចបានកន្លងមកបើកម្ពុជាគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៏ ដូចបច្ចុប្បន្ននេះទេ»។

លោកបានបន្ដទៀតថា ការអភិវឌ្ឍន៍ទាំងនោះរួមមានទាំង វិស័យព្រះពុទ្ធសាសនាជាដើម។ ដូចនេះពលរដ្ឋម្នាក់ៗត្រូវរួមសាមគ្គីគ្នា បន្តថែរក្សាសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត។

ក្នុងថ្ងៃនោះលោក ជា ចាន់តូ និងលោកស្រី ព្រមទាំងសហការីបានប្រគេនទ័យវត្ថុ គ្រឿងបិរក្ខាស្លាដក និងបច្ច័យមួយចំនួន ជាង១២លានរៀលវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាដល់វត្តក្រសាំងតេន ហៅវត្តល្វា និងឥន្ធរង្សីហៅវត្តហប់៕