(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទិវាប្រកាសរដ្ឋធម្មនុញ្ញថ្ងៃទី២៤ កញ្ញានេះ ដែលយើងហៅថាជាថ្ងៃនាំឲ្យកើតព្រះរាជាណាចក្រកម្ពុជាទី២នេះ គឺពិតជាធ្វើឲ្យយើងនឹករលឹកទៅដល់វីរជនខ្មែរកំពូលពីររូប ដែលមានគុណតម្លៃក្នុងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ពិសេសការនំាមកវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនេះ គឺសម្ដេចឪព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន។

បានន័យថា បើនិយាយពីសម្ដេចឪព្រះបរមរតនកោដ្ឋ ជាទីគោរពបំផុតនៃយើង ដែលព្រះអង្គបានទ្បើងគ្រងរាជសម្បត្ដិជាថ្មីទ្បើងវិញនេះ «ជាករណីដ៏កម្រមួយក្នុងប្រវត្ដិសាស្រ្ដនៃមេដឹកនំាពិភពលោក»

លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះដែរ ចំពោះរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាទី២នេះ បើនិយាយអំពីទស្សនវិជ្ជានយោបាយ ដែលសម្ដេចឪព្រះបរមរតនកោដ្ឋ ជាទីគោរពបំផុតនៃយើង ដែលព្រះអង្គបានយកប៊ិចដើម្បីចារឹកព្រះហត្ដលេខាក្នុងរដ្ឋធម្មនុញ្ញនេះ ហាក់មានលក្ខណៈបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅផងដែរ។

បានសេចក្ដីថា បើនិយាយអំពីប៊ិច ដែលសម្ដេចឪព្រះបរមរតនកោដ្ឋ បានយកមកទ្បាយព្រះហត្ដលេខាក្នុងរដ្ឋធម្មនុញ្ញនេះ គឺប៊ិច ធ្វើពីផ្លាកទីន ពណ៌មាស ដែលជាដង្វាយដ៏ប្រពៃថ្លៃថ្លារបស់លោក រ៉ូណាល់ រីហ្គែន (Ronald Reagan,1981-1989) ប្រធានាធិបតីអាមេរិកដ៏មានប្រជាប្រិយភាពបំផុត។

បើដូច្នេះចំពោះការទ្បាយព្រះហត្ដលេខានេះ លោក រត្ន័ សណ្ដាប់ យល់ថានេះប្រហែលជាព្រះអង្គចង់ប្រាប់ថា «ព្រះអង្គពុំមែនជាសត្រូវអាមេរិកដូចអ្នកនយោបាយទាំងខ្មែរ និងបរទេសខ្លះ តែងយល់ឃើញនោះទេ»។ ម្យ៉ាងទៀតចំពោះប្រទេសជាតិត្រូវប្រកាន់ឲ្យភ្ជាប់នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឲ្យបានពិតប្រាកដ។ បច្ចុប្បន្ន ប៊ិចនេះត្រូវបានព្រះអង្គដាក់តាំងបង្ហាញក្នុងសារៈមន្ទីរសម្ដេចព្រះសីហនុ ក្នុងព្រះបរមរាជវំាង៕