(កំពង់ធំ)៖ អតីតគរុសិស្សជំនាន់ទី១៩ ឆ្នាំសិក្សា២០០០-២០០២ នៃសាលាគរុកោសល្យ និងវិក្រឹតការប៊ុនសែនខេត្តកំពង់ធំ បានរៀបចំពិធីជួបជុំអតីតគរុសិស្សទាំងអស់ និងបានសម្តែងការដឹងគុណដល់លោកគ្រូ អ្នកគ្រូ ដែលលោកទាំងទ្វេបានខិតខំបង្រៀនដល់គរុសិស្សទាំងអស់ ដោយមិនខ្លាចភាពនឿយហត់ ហើយលោកលោកគ្រូ អ្នកគ្រូ បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងច្រើន ដែលមានរយៈកាលកន្លងផុតទៅជិត ១៦ឆ្នាំមកហើយ។
ពិធីជួបជុំអតីតគរុសិស្ស និងសម្តែងការដឹងគុណដល់លោកគ្រូ អ្នកគ្រូនេះដែរ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភោជនីដ្ឋានជ្រោះពេជ្រចិន្តា ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សូរហ៊ាន ឆេងអាន ជាអតីតគរុសិស្ស បានលើកឡើងថា ការជួបជុំគ្នានេះមានគោលបំណងប្រមូលគៀងគរឡើងវិញនូវមិត្តភក្តិ ដែលបានបែកគ្នារយៈពេលជិត១៦ឆ្នាំមកហើយ និងសម្តែងនូវការដឹងគុណ ដល់អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់មានអនុស្សាវរីយ៍ ក្នុងការខិតខំបណ្តុះបណ្តាលនូវ ការអប់រំទាំងកាយវាចារ្យ និងចិត្ត ដោយមិនគិតពីប្រាក់កម្រៃ ព្រមទាំងអាយុជីវិត ដែលលោកគ្រូ អ្នកគ្រូមួយចំនួនមានវ័យចាស់ ចូលនិវត្តន៍ ហើយខ្លះទៀតបានស្លាប់បាត់ជីវិតហើយដែរ។
លោកបន្តថា ការរៀបចំនេះដែរ ដើម្បីជាគំរូដែលបង្ហាញពីភាពសាមគ្គីគ្នាជាធ្លុងមួយ ដោយមិនមានភាពរើសអើង មិនប្រកាន់វណ្ណៈ ជាតិសាសន៍ មាន ក្រនោះឡើយ និងការប្រមូលគៀងគរនូវមិត្តភត្តិ ព្រមទាំងធ្វើការបង្ហាញនូវភាពជោគជ័យ ដែលកើតចេញពី ការតស៊ូពីបាតដៃទទេក្លាយជាថ្នាក់ដឹកនាំ ឬអាជីវករ ដោយកើតចេញពីការតាំងចិត្តដ៏មុះមុត ជំនះឧបសគ្គមិនរាថយ ដែលធ្វើឱ្យទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត។
លោកក៏បានផ្តាំផ្ញើដល់អតីតគរុសិស្សជួយជម្រុញអប់រំដល់កុមារ និងផ្សព្វផ្សាយដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឱ្យខ្លួនក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ នៅពេលអនាគត នឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរដ្ឋាភិបាលផងដែរ៕