(ចិន)៖ រោងចក្រចិនជាច្រើន កំពុងតែទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាផលិតកម្មថ្មីៗ ដើម្បីធ្វើឱ្យការផលិតរបស់ខ្លួន កាន់តែឆ្លាតវៃ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រុមហ៊ុនវិនិយោគរវាងចិន-អាល្លឺម៉ង់មួយ ដែលស្ថិតនៅក្នុងទីក្រុងវូស៊ី (Wuxi) ភាគខាងកើតប្រទេសចិន គឺជាគំរូដ៏ជោគជ័យបំផុតមួយ ដែលសបញ្ជាក់ឱ្យឃើញពីការទាញយកផលប្រយោជន៍នេះ។
ដោយផលិតគ្រឿងម៉ាស៊ីនម៉ាស៊ូត រោងចក្រនេះបានស្វះស្វែងបង្កើតផលិតផល ដែលមានប្រសិទ្ធិភាពខ្ពស់ និងបំភាយផ្សែងពុលតិច ដោយប្រើបច្ចេកវិទ្យាឧស្សាហកម្ម 4 ចុច 0 (Industry 4.0)។
លោក វ៉ាង វ័យលាំង ប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន Bosch Powertrain Solutions ប្រទេសចិន និយាយថា «ជាការពិតណាស់ ក្រុមហ៊ុន Bosch (បុស្សស៍) ធ្លាប់ជាអ្នកផ្ដួចផ្ដើមមួយនៃផលិតកម្មជាលក្ខណៈបណ្ដាញ និងបច្ចេកវិទ្យាឧស្សាហកម្ម៤.០ នៅពេលដែលវិស័យនេះត្រូវបានគេកំណត់ឡើងកាលពីឆ្នាំ២០១៣។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Bosch (បុស្សស៍) បានអភិវឌ្ឍខ្លួនទៅជាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ឈានមុខគេ នៃបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងគោលគំនិតនៃបច្ចេកវិទ្យានេះផងដែរ»។
បច្ចេកវិទ្យាឧស្សាហកម្ម៤.០ ស្ដែងអំពីការតភ្ជាប់កាន់តែប្រសើររវាងប្រព័ន្ធផលិតកម្មនីមួយៗ ដើម្បីបង្កើនប្រសិទ្ធិភាពផលិត។ នេះបើយោងតាមលោក ស្ទួត ប្រោន (Stuart Brown) ប្រធានមុខងារបច្ចេកទេសនៃក្រុមហ៊ុន Bosch Powertrain Solutions ប្រទេសចិន។
លោក ស្ទួត ប្រោន ប្រធានមុខងារបច្ចេកទេសនៃក្រុមហ៊ុន Bosch Powertrain Solutions ប្រទេសចិន និយាយថា «នៅពេលយើងនិយាយដល់បច្ចេកវិទ្យាឧស្សាហកម្ម៤.០ គឺយើងនិយាយដល់ការតភ្ជាប់ប្រព័ន្ធរបស់យើង។ ជារួម វាពាក់ព័ន្ធនឹងការតភ្ជាប់ទំនាក់ទំនងតែម្ដង ដូចេ្នះយើងបង្កើតប្រព័ន្ធការងារមួយដែលប្រើអ៊ីនធើណេតដើម្បីតភ្ជាប់ទំនាក់ទំនងរវាងសម្ភារៈមួយទៅសម្ភារៈមួយទៀត នៅក្នុងរោងចក្រ។ វិធីនេះជួយឱ្យយើងអាចប្រមូល ទិន្នន័យអំពីប្រព័ន្ធរបស់យើង បានកាន់តែច្រើនជាងមុន។ ដូច្នេះវាអនុញ្ញាតឱ្យយើងអាចរកឃើញឬសគុលនៃបញ្ហា និងអាចទស្សន៍ទាយពីសកម្មភាពរបស់ម៉ាស៊ីន នាពេលខាងមុខ»។
ស្របពេលដែលវត្ថុធាតុដើម និងផលិតផលពាក់កណ្ដាលសម្រេច ត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន នៅក្នុងរោងចក្រមុនពេលវាឈានទៅដំណាក់កាលបន្ទាប់ គេត្រូវបិទភ្ជាប់ស្លាកសម្គាល់ទៅនឹងប្រអប់ដែលផ្ទុកផលិតផល ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធគ្រប់គ្រងស្ដុកទំនិញ អាចបែងចែកទំនិញទៅតាមប្រភេទ និងអាចរាប់ស្តុក ក្នុងពេលដំណាលគ្នានេះផងដែរ។
ដំណើរការនេះមានប្រសិទ្ធភាព និងកាត់បន្ថយកំហុសឆ្គងដែលកើតឡើងដោយសារមនុស្ស។ ប៉ុន្តែដើម្បីធ្វើឱ្យម៉ាស៊ីនអាចដំណើរការដោយស្វ័យប្រវត្តិនិងអាចឆ្លើយឆ្លងគ្នាទៅវិញទៅមក ក្នុងកម្រិតខ្ពស់ដូច្នេះ រោងចក្រត្រូវការជាចាំបាច់នូវបុគ្គលិក ដែលមានសមត្ថភាពខ្ពស់ ដែលអាចរៀបចំដំណើរការនៃប្រព័ន្ធម៉ាស៊ីននេះបាន។
លោក វ៉ាង វ័យលាំង ប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន Bosch Powertrain Solutions ប្រទេសចិន និយាយថា «ពួកគេត្រូវការប្រើបច្ចេកវិទ្យាវិភាគទិន្នន័យ ដើម្បីយល់ឱ្យច្បាស់អំពីអាជីវកម្មនេះ។ បន្ទាប់មក យើងនឹងមានឱកាស បង្កើតដំណោះស្រាយផ្សេងៗ ប្រកបដោយភាពច្នៃប្រឌិត ដែលជួយឱ្យយើងអាចធ្វើការបានកាន់តែលឿន កាន់តែផ្តោត និងកាន់តែស្វ័យប្រវត្តិ ដើម្បីធ្វើឱ្យរោងចក្ររបស់យើងអាចបត់បែនបានកាន់តែល្អ ទៅតាមតម្រូវការផលិតនីមួយៗរបស់យើង»៕ (សារព័ត៌មាន CCTV របស់ចិន)