(ចិន)៖ ជើងភ្នំ ហឺរឡាន (Helan) នៅភាគពាយព្យប្រទេសចិន មានស្ថានភាពអាកាសធាតុ និងភូមិសាស្ត្រដ៏ពិសេសគ្មានពីរ។ វាបានក្លាយជាកន្លែងផលិតស្រា ដែលកំពុងរីកកាន់តែធំឡើងៗ នៅក្នុងប្រទេសចិន ដោយក្នុងអំឡុងជាង៣០ឆ្នាំកន្លងមកនេះ តំបន់នេះបានវិវឌ្ឍខ្លួនចេញពីវាលខ្សាច់បែកក្រហែង ហើយក្លាយជាកសិដ្ឋានដាំទំពាំងបាយជូរដ៏ធំ។
ដីនៅឯជើងភ្នំនេះ ធ្លាប់បានប្រឈមនឹងស្ថានភាពស្ងួតហែងស្ទើរតែក្លាយជាដីខ្សាច់ និងស្ទើរតែមិនអាចដាំដំណាំបានទៀតទេ។ តែផ្ទុយទៅវិញ ដីដដែលនេះ គូបផ្សំនឹងអាកាសធាតុផងនោះ បានក្លាយជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ដាំផ្លែទំពាំងបាយជូរ។
នៅចុងខែកញ្ញាខាងមុខ គឺដល់ពេលដែលគេប្រមូលផលទំពាំងបាយជូរហើយ សម្រាប់ដឹកទៅឱ្យរោងចក្រផលិតស្រាប្រហែល១០០កន្លែង ដែលនៅក្បែរនេះ។ ជាម្ចាស់រោងចក្រផលិតស្រាមួយកន្លែងនៅទីនេះ លោក លី ជន បានចាប់ផ្តើមដាំផ្លែទំពាំងបាយជូរ កាលពី៥ឆ្នាំមុន ដោយចាប់ផ្តើមពីចំនុចសូន្យ។ ហើយសព្វថ្ងៃ ចំការទំពាំងបាយជូររបស់គាត់ បានរីកដល់ទំហំប្រហែល៦៧ហិចតាឯណោះ។
លោក លី ជន ម្ចាស់រោងចក្រផលិតស្រា និយាយថា «ក្នុងនាមជាអ្នកចាប់ផ្តើមមុនគេ ពួកយើងធ្វើការនៅចំការនេះ តាំងពីព្រឹកទល់ព្រលប់តែម្តង។ ចំការ គឺជាជីវិតរបស់យើង ទំពាំងបាយជូរ ក៏ជាជីវិតរបស់យើង។ ពួកយើងនិយាយជាមួយទំពាំងបាយជូរនិងចំការនេះ រាល់ថ្ងៃតែម្តង»។
ចំការទំពាំងបាយជូរ នៅតំបន់ស្វយ័ត នីងសៀរ (Ningxia) គ្របដណ្តប់លើផ្ទៃដីទំហំ៣ម៉ឺន៨ពាន់ហិចតា ដែលស្មើនឹង១ភាគ៤នៃចំការទំពាំងបាយជូរសរុបទូទាំងប្រទេសចិនទៅហើយ។ ហើយរោងចក្រផលិតស្រាទាំង៨៤រោងចក្រនៅប្រទេសចិន អាចផលិតស្រាបានប្រហែល១២០លានដប នៅក្នុងមួយឆ្នាំ។ កាលពីឆ្នាំ២០១៧ ផលិតផលកសិកម្មដែលគេផលិតបានសរុបនៅតំបន់ នីងសៀរ មានតម្លៃជាង៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មានជិត៣ពាន់លានដុល្លារអាមេរិកទៅហើយ ដែលបានមកពីវិស័យផលិតស្រា។
តំបន់ នីងសៀរ បានបង្កើតរោងចក្រផលិតស្រាដែលប្រើជាតំបន់ទេសចរសរុបចំនួន ៣៦កន្លែង ដែលអាចទទួលភ្ញៀវទេសចរបានជាង៤សែននាក់ នៅក្នុងមួយឆ្នាំ។ ហើយតំបន់ទេសចរទាំងនេះ បានក្លាយជាធាតុផ្សំដ៏សំខាន់ដែលមិនអាចខ្វះបាន នៅក្នុងវិស័យទេសចរជារួមរបស់តំបន់ នីងសៀរ។
លោក យ័ន យ័ន ម្ចាស់រោងចក្រផលិតស្រា និយាយថា «មួយភាគបី នៃប្រាក់ចំនូលសរុបរបស់យើងកាលពីឆ្នាំមុន គឺបានមកពីវិស័យទេសចរ។ ឆ្នាំនេះ យើងបានទទួលភ្ញៀវទេសចរជាង៧ម៉ឺននាក់ទៅហើយ ព្រមទាំងរកប្រាក់ចំនូលបាន១លាន៥សែនដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ»។
វិស័យស្រាដែលកំពុងលេចធ្លោរបស់ចិន ផ្តល់ការងារដល់កសិករនៅក្នុងសហគមន៍ចំនួន១សែន២ម៉ឺននាក់។ ហើយស្រារបស់ប្រទេសចិន ក៏កំពុងមានគេទទួលស្គាល់ កាន់តែច្រើនឡើងៗផងដែរ។
លោក ឆាវ ខាយឡុង នាយក មន្ទីរអភិវឌ្ឍឧស្សាហកម្មទំពាំងបាយជូរ តំបន់ នីងសៀរ និយាយថា «យើងនឹងអនុវត្តផែនការធំរបស់យើង ឱ្យចប់ចុងចប់ដើមតែម្តង។ ផែនការនោះ គឺចង់ឱ្យតំបន់នីងសៀរ បង្កើតតំបន់ស្រាបីកន្លែង ទីក្រុងស្រា១០ទីក្រុង និងមជ្ឈមណ្ឌលស្រាមួយកន្លែង ដែលនឹងក្លាយជាកន្លែងផលិតស្រាដ៏ល្អបំផុត មិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែគឺជាកន្លែងផលិតស្រាល្អបំផុតក្នុងពិភពលោកទាំងមូលតែម្តង។ ផែនការនេះ ចង់ឱ្យតំបន់ស្រាទាំងនេះ បង្កើតផលិតផលដែលរកប្រាក់ចំនូលបានសរុប ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក»៕ (សារព័ត៌មាន CCTV របស់ចិន)