(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកថ្មពួក នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៧នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនជាង៦០០គ្រាប់ និងវត្ថុតាងមួយចំនួនធំទៀត ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក សៅ សារឿន អធិការនគរបាលស្រុក បានឲ្យថា ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា សមត្ថកិច្ចបានបង្កើតគណៈកម្មាការ ឆែកឆេរលំនៅដ្ឋាន ដោយរកឃើញវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន៦២៦គ្រាប់ ក្នុងនោះពណ៌ខៀវចំនួន១៨គ្រាប់, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន៦កញ្ចប់, បំពង់បឺតកន្លះថង់ចំនួន ១៤កំណាត់, លុយបាត៣,០០០បាត, លុយខ្មែរ២៥០,០០០រៀល, និងទូរស័ព្ទ១៩គ្រឿង។
បើតាមអធិការស្រុក ជនសង្ស័យទី១៖ ឈ្មោះ សុខ ឆៃ ភេទប្រុស, ទី២៖ ឈ្មោះ សូត្រ តឿ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ាង សុភាក់ ភេទប្រុស អាយុ២៨ឆ្នាំ ហើយអ្នកទាំង៣ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ លោកបន្តថា ជនសង្ស័យទី៤៖ ឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៥៖ ឈ្មោះ រ៉ាក់ ណាវី ភេទស្រី អាយុ២៩ឆ្នាំ, ទី៦៖ ឈ្មោះ ហ៊ីម ចាន់ ភេទប្រុស អាយុ៤៦ឆ្នាំ, និងទី៧៖ ឈ្មោះ ឃឿន ស្រីមិន ភេទស្រី អាយុ៣៧ឆ្នាំ ហើយអ្នកទាំង៤ រស់នៅភូមិប្រាសាទត្បែង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក។
បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញ បានរៀបចំសំណុំរឿងជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ ឲ្យចាត់ការតាមនីតិវិធី៕